(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃនេះបានសម្រេចប្រគល់ម៉ូតូល្មើសច្បាប់ចរា ចរណ៍ផ្លូវគោកថ្មី (គ្មានស្លាកលេខ) ចំនួន ៧៣៦គ្រឿង ជូនទៅម្ចាស់វិញ ដោយគ្រាន់តែតម្រូវឲ្យម្ចាស់ទៅធ្វើស្លាកលេខប៉ុណ្ណោះ ដោយ ឡែករថយន្តចំនួន ១២គ្រឿង មិនទាន់អនុញ្ញាតប្រគល់ជូនម្ចាស់នៅឡើយទេ។ ម៉ូតូ ៧៣៦គ្រឿងនេះ ត្រូវបានកម្លាំងនគរបាលចរា ចរណ៍ រឹបអូសទុកចាប់តាំងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ នៅអំឡុងពេលចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ថ្មី។
ការសម្រេចរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មា ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បី ពិនិត្យទៅលើលទ្ធផល នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបានអនុវត្តន៍រយៈ ពេល ៦ថ្ងៃកន្លងទៅនេះ។
យោងតាមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា ក្រៅពីការសម្រេចឲ្យប្រគល់ម៉ូតូ គ្មានស្លាកលេខជូនម្ចាស់វិញហើយនោះ សម្តេចក្រឡាហោម ស ខេង រួមនិងមន្រ្តីពាក់ព័ន្ធនៅមានការពិភាក្សាទៅលើបញ្ហាជាច្រើនទៀត បូករួមទាំងពិនិត្យទៅលើការប្រតិកម្មនានា របស់ប្រជាពលរដ្ឋលើចំណុចមួយចំនួនក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះផងដែរ។
លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងក្នុងបទសម្ភាសន៍ប្រាប់អ្នកព័ត៌មានក្រោយកិច្ចប្រជុំថា ពាក់ព័ន្ធការដាក់ប័ណ្ណសម្គាល់យានយន្តតាមខ្លួន ដើម្បីសម្គាល់យានយន្តនោះ គឺសម្តេចក្រឡាហោមអនុគ្រោះឲ្យម្ចាស់យានយន្តអាចយកច្បាប់ថតចម្លងបាន តែត្រូវបញ្ជាក់ពីមន្រ្តីអាជ្ញា ធរមូលដ្ឋាន ដែលការបញ្ជាក់ប័ណ្ណសម្គាល់យានយន្តនេះ អស់ត្រឹម ១.០០០រៀលប៉ុណ្ណោះ។ ដោយឡែកប័ណ្ណបើកបរត្រូវតែដាក់ច្បាប់ ដើមតាមខ្លួន។
ចំពោះបញ្ហាពាក់មួកសុវត្ថិភាពវិញ គឺនៅតែអនុវត្តដូចដើម បូករួមទាំងព្រះសង្ឃផងដែរ ដើម្បីការពារអាយុជីវិត និងព្រះជន្មក្នុងពេល មានជួបគ្រោះថ្នាក់យថាហេតុណាមួយនោះ។ សម្តេចក្រឡាហោម ស ខេង ក៏បានស្នើក្រសួងធម្មការចូលរួមជំរុញឲ្យព្រះសង្ឃពាក់មួក សុវត្ថិភាពពេលនិមន្តតាមយានយន្តផងដែរ៕
៦ថ្ងៃ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៖ យានយន្តល្មើសច្បាប់ជាង ៤ម៉ឺនគ្រឿង ទទួលប្រាក់ពិន័យជាង ៤១០លានរៀល។
Posted by Fresh News on Thursday, January 7, 2016