(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការរិះគន់របស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា កំពុងប្រមាថដល់អាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តាមរយៈការម៉ាក់ងាយដល់ថ្ងៃ៧មករា ដែលជាថ្ងៃនៃការវាយផ្តួលរំលំរបបខ្មែរក្រហម ឱ្យចេញពីទីក្រុងភ្នំពេញ។
ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងគេចពីការតាមចាប់ខ្លួនរបស់តុលាការកម្ពុជា បានរិះគន់ថា ថ្ងៃ៧មករា១៩៧៩ គឺជាឆាកល្ខោនដែលវៀតណាមបានរៀបចំទាំងអស់ហើយថាក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយវៀតណាមកម្មុយនីស្ដ ដើម្បីលេបត្របាក់ទឹកដីកម្ពុជា និងបំភ័ន្ដភ្នែកប្រជារាស្ដ្រខ្មែរ។
លោក សុខ ឥសាន បានលើកឡើងថា «អ្នកប្រមាថថ្ងៃ៧មករា គឺបានប្រមាថអាយុជីវិតប្រជាជនទូទាំងប្រទេស អាហ្នឹងទី១ ហើយទី២គាត់ក៏ប្រមាថអាយុជីវិតរបស់ខ្លួនឯងដែរ បើគ្មានថ្ងៃ៧មករា ក៏គ្មានថ្ងៃ២៣តុលា (កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស) គាត់(លោក សម រង្ស៊ី) ក៏គ្មានលទ្ធភាពចូលមកស្រុកខ្មែរដើម្បីធ្វើនយោបាយទូលំទូលាយដូចបច្ចុប្បន្ន គឺ១៩៩៣រហូតមកដល់ពេលនេះទេ ២៥ឆ្នាំជាងហើយ គឺគាត់ចូលមកបានដោយសារថ្ងៃ៧មករា»។
លោក សុខ ឥសាន បានចោទលោក សម រង្ស៊ី ថាហាក់កំពុងគាំទ្រខ្មែរក្រហម និងមួលបង្កាច់សច្ចភាព ។ លោកថា «អ្នកដែលប្រមាថថ្ងៃ៧មករា ឬនិយាយមួលបង្កាច់សច្ចភាពរបស់៧មករាហ្នឹង អ្នកនោះហើយ គឺជាសម្ព័ន្ធមិត្តរបស់ខ្មែរក្រហម ព្រោះគេមិនចង់ឱ្យប្រជាពលរដ្ឋខ្មែររួចរស់ជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមទេ គឺគេចង់ឱ្យយើងស្លាប់នៅក្នុងកណ្តាប់ដៃពួកប្រល័យពូជសាសន៍ហ្នឹងឯង»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានសរសេរផ្សព្វផ្សាយ នៅលើបណ្តាញទំនាក់ទំនង Facebook នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ដែលចំនឹងខួបលើកទី៣៧ នៃថ្ងៃ៧មករាថា វៀតណាមបានជួយដល់ខ្មែរក្រហមក្នុងការយកជ័យជំនះលើរបបលន់ណុល ហើយថាបើគ្មានថ្ងៃនោះ ក៏គ្មានថ្ងៃ៧មករាដែរហើយ៥០ឆ្នាំមកនេះវៀតណាមបានរៀបចំដើម្បីលេបត្របាក់ទឹកដីកម្ពុជា។
លោកថា «ថ្ងៃ ៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់។ គេថាគេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដពីដើមទីក៏អត់មានខ្មែរក្រហមដែរ។ ឥឡូវនេះគេថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ក៏គ្មានអ្វីៗដែលយើងមានសព្វថ្ងៃដែរ។ តែបើគ្មានថ្ងៃ១៧ មេសា ១៩៧៥ (ថ្ងៃខ្មែរក្រហមឡើងកាន់អំណាច) ក៏គ្មានថ្ងៃ៧មករា១៩៧៩ដែរ ហើយបើគ្មានពួកកម្មុយនីស្ដយួនជួយពួកខ្មែរក្រហមនៅដើមទសវត្សរ៍ ឆ្នាំ១៩៧០ ក៏គ្មានថ្ងៃ១៧ មេសា ១៩៧៥ដែរ។ ដូច្នេះ មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយយួនកម្មុយនីស្ដដើម្បីលេបត្របាក់ទឹកដីយើង និងបំភ័ន្ដភ្នែកប្រជារាស្ដ្រខ្មែរ។ យួនបង្កប់ក៏បានញុះញង់ ឲ្យខ្មែរកាប់សម្លាប់ខ្មែរក្រោមរបបខ្មែរក្រហម(១៩៧៥-១៩៧៩)»។
លោក សុខ ឥសាន បានបន្ថែមថា «ត្រង់ឯកឧត្តម សម រង្ស៊ី និយាយយ៉ាងម៉េច គឺយើងមិនចាប់អារម្មណ៍នោះទេ ពីព្រោះគាត់មិនបានទទួលរងទុកវេទនា នៅក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៩ខែ២០ថ្ងៃ គឺគាត់រស់នៅដោយសុខស្រួល នៅប្រទេសបារាំងឯណោះ ដូច្នេះគាត់មិនបានជួបការលំបាកវេទនារកពណ៌នាមិនបាននោះទេ អញ្ចឹងវាផ្ទុយគ្នាទៅនឹងប្រជាពលរដ្ឋទូទាំងប្រទេសរាប់លាននាក់ ដែលទទួលរងទុក្ខវេទនាក្រោម របបប្រល័យពូជសាសន៍ប៉ុលពតនេះ»។
ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រើន ចាត់ទុកថាជាថ្ងៃកំណើតទី២ របស់ជនជាតិកម្ពុជា។ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែល«រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បង្កើតឡើងដោយកងទ័ពពលរដ្ឋកម្ពុជាសហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម វាយផ្តួលរំលំរបបខ្មែរក្រហមចេញពីក្រុងភ្នំពេញទាំងស្រុង ហើយរំដោះពលរដ្ឋខ្មែរឱ្យបានរួចផុតពីការសម្លាប់រង្គាល ឱ្យបានរស់រៀនមានជីវិត។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «ដោយសារតែកម្លាំងរបស់យើង ទើបនឹងបង្កើតថ្មីវាមិនទាន់ធៀបជាមួយកម្លាំងប៉ុលពតដែលមានទាហានរាប់សិបកងពលនោះទេ យើងត្រូវតែពឹងផ្អែកលើប្រទេសជាមិត្តជិតរបងរបស់យើង ដើម្បីរួមជាកម្លាំងមហាសាមគ្គីជាតិ និងអន្តរជាតិដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ហើយកម្លាំងសាមគ្គីនេះវាមានប្រសិទ្ធភាពក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍នេះ ក្រោយពេលវាយវារត់ខ្ចាត់ខ្ចាយទៅដល់ព្រំដែនថៃទៅហើយបានយើងរួចរស់ជីវិត ហើយបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមានឱកាសត្រឡប់មកភូមិកំណើតរបស់ខ្លួនវិញ»៕