(ភ្នំពេញ)៖ សម្ភារបរិក្ខារវេជ្ជសាស្ដ្រ រួមមាន ស្រោមដៃ, ម៉ាសវះកាត់, ម៉ាសវេជ្ជសាស្ដ្រ, ម៉ាស់ N95, មួក, គម្របស្បែកជើង, អាវអៀម, សម្លៀកបំពាក់សុវត្ថិភាព របស់មន្ដ្រីសុខាភិបាល, របាំងមុខវេជ្ជសាស្ដ្រ, ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៊ិនហ្វ្រារ៉េត, វ៉ែនតាសុវត្ថិភាព និងសម្ភារវេជ្ជសាស្ដ្រផ្សេងៗទៀត សរុបទាំងអស់ប្រមាណ៧តោន របស់មិត្ដចិន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតនៃសាធារណរណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនទៀង (Wang Wentian) នារសៀលនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា ឧបករណ៍ទាំងនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)។
ជំនួយមនុស្សធម៌របស់មិត្ដចិន គឺសម្រាប់ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។
ជាពិសេសចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ក្នុងឱកាសនោះផងដែរ រដ្ឋមន្ត្រី ម៉ម ប៊ុនហេងក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា មិត្ដចិន នឹងប ន្ដផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។
សូមជម្រាបថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៤នាក់ទៀត, អ្នកជាសះស្បើយសរុបកើនដល់៧២នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៧នាក់ នៃអ្នកឆ្លងសរុប១១៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ៕