(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានកំណត់ឲ្យប្រជាពលរដ្ឋទាំងឡាយណាដែលធ្វើដំណើរចូល ឬឆ្លងកាត់ខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងមន្ដ្រីសុខាភិបាលនឹងអនុវត្តការចត្តាឡីស័ក និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលអាជ្ញាធរបានកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺ COVID-19។
ក្នុងសេចក្ដីណែនាំស្ដីពីការដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ សម្រាប់បងប្អូនដែលធ្វើដំណើរចូល ឬឆ្លងកាត់ខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ លោក ទៀ សីហា បានបញ្ជាកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើការត្រួតពិនិត្យនៅច្រកព្រំប្រទល់ រវាងខេត្តសៀមរាប ជាមួយខេត្ត ជាប់ព្រំប្រទល់ទាំងអស់ ដោយបិទការធ្វើដំណើរចូល ឬឆ្លងកាត់ខេត្ត លើកលែងតែករណី៦ចំណុច ដែលមានចែងក្នុងបទបញ្ជារបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលបទបញ្ជាថ្មី ដោយអនុវត្តឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយលុបចោលបំរាមការធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ តែទុកបំរាមការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយនៅដដែល។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប៖