(តេអ៊ីរ៉ង់)៖ ប្រទេស អ៊ីរ៉ង់បានចោទប្រកាន់ប្រទេស អារ៉ាប៊ីសាអូឌីត ថាបានវាយប្រហារតាមផ្លូវអាកាសទៅលើស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានី Sana ប្រទេស យ៉េម៉ែន ដោយប្រើប្រាស់គ្រាប់មីស៊ីល នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Independent ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ។
យោងតាមសារព័ត៌មានប្រចាំប្រទេស អ៊ីរ៉ង់ បានឲ្យដឹងថា កម្លាំងល្បាតស្ថានទូតជាច្រើននាក់ ត្រូវរងរបួសដោយសារការវាយប្រហារ ដោយគ្រាប់មីស៊ីលនេះ។ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossenin Jaber Ansari បានលើកឡើងថា« ប្រទេស អារ៉ាប៊ីសាអូឌីត ត្រូវទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញអគារ និងការរងរបួសរបស់បុគ្គលិកនៅស្ថានទូតអ៊ីរ៉ង់»។
សូមជម្រាបថា ការចោទប្រកាន់នេះបានធ្វើឡើង ខណៈភាពតានតឹងកើតឡើងរវាងប្រទេសមហាអំណាចទាំងពីរប្រចាំតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីការប្រហារជីវិតអ្នកទោស៤៧នាក់ រហូតជម្រុញឲ្យមានការរុករានទៅលើស្ថានទូតរបស់ប្រទេស អារ៉ាប៊ីសាអូឌីតនៅក្នុងរដ្ឋធានី តេអ៊ីរ៉ង់៕