(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបង្កើតក្រុមប្រចាំការ ដើម្បីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺ COVID-19។
យោងតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារនេះ មានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាប្រធាន, លោក សុខ ផល រដ្ឋលេខាធិការ និងលោក ប៊ុន ហុន រដ្ឋលេខាធិការ ជាអនុប្រធាន អមដោយសមាជិក ចំនួន១០រូប។
ក្រុមប្រចាំការរបស់ក្រសួងមហាផ្ទៃ ត្រូវប្រចាំការដើម្បីតាមដានព័ត៌មាន និងក្ដាប់សភាពការណ៍នានា អំពីការអនុវត្តបទបញ្ជាលេខ០២ ប.ប ដើម្បីគោរពរាយការណ៍ និងសុំមតិដឹកនាំពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សំដៅដោះស្រាយឆ្លើយតបបញ្ហានានា ក្នុងការអនុវត្តបទបញ្ជាឲ្យបានទាន់ពេលវេលា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលបទបញ្ជាថ្មី ដោយអនុវត្តឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយលុបចោលបំរាមការធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ តែទុកបំរាមការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយនៅដដែល។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19៕