(កំពង់ធំ)៖ លោក ហៀ ហ៊ីន ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជានាយករងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេរភូមិន្ទ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចាត់តំណាងនាំអំណោយទៅចែកជូនដល់ប្រជាពលរដ្ធក្រីក្រចំនួន ១០០នាក់ នៅភូមិស្ដុកស្ដម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រមទាំងអប់រំផ្សព្វផ្សាយជុំវិញករណីវីរុស COVID-19។
ក្នុងឱកាសនោះតំណាងលោក ហៀ ហ៊ីន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ កុំមានការព្រួយបារម្ភណ៍ឡើយ អ្វីដែលសំខាន់ គឺខ្លួនយើងផ្ទាល់ត្រូវការពារខ្លួន អនាម័យជាប្រចាំ ពិសេសបើមានករណីសង្ស័យណាមួយ ឬមិនស្រួលខ្លួន សូមប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែកនៅជិតផ្ទះបំផុត ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។
តំណាងលោក ហៀ ហ៊ីន ក៏បានផ្ដាំផ្ញើអាជ្ញាធរឃុំទាំងអស់ ត្រូវមានការបំផុសបំផុល ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស COVID-19 នេះ តាមរយៈការផ្សព្វផ្សាយតគ្នា ពីមាត់មួយទៅមាត់មួយឱ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេស «កុំមានការរើសអើងលើសាសនិកឥស្លាម និងកុំរើសអើងអ្នកផ្ទុកវីរុស COVID-19 គ្រប់ជាតិសាសន៍» ខណៈជំងឺនេះ មានតិចតួចណាស់ នៅកម្ពុជា ហើយរដ្ឋាភិបាល បានគិតគូរនិងយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះការព្យាបាលឱ្យជាសះស្បើយ។
តំណាងលោក ហៀ ហ៊ីន បានឱ្យដឹងដូចគ្នាថា ខណៈដែលជំងឺកូវីត១៩ កំពុងកើតមានតិចតួច នៅកម្ពុជា សូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភណ៍ច្រើនជ្រុល កុំភ័យខ្លាច កុំស្លន់ស្លោរ ប៉ុន្តែត្រូវនាំគ្នាឧស្សាហ៍អនាម័យខ្លួនប្រាណ អនាម័យបរិស្ថាន មានការពាក់ម៉ាស លាងសំអាតទឹកអាល់កុល ជាញឹកញាប់ពិសេសបើសង្ស័យថាមានអាការៈមិនស្រួលណាមួយ ត្រូវប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត។
អំណោយដែលយកមកចែកជននាពេលនេះរួមមាន៖ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូ និងថវិកាចំនួន ៣ម៉ឺនរៀល និង៥ម៉ឺនរៀលផងដែរ៕