(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យគោលដៅចំនុចគល់ ស្ពានគីហ្សុណា ត្រើយខាងកើត ស្ថិតក្នុងស្រុកត្បូងឃ្មុំ ជាប់ព្រំប្រទល់ខេត្តកំពង់ចាម ដោយអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស លើកលែងតែពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល ដែលចាត់ទុកជាតំបន់តែមួយ។
ការចុះត្រួតពិនិត្យនេះ ដោយមានការចូលរួមពីលោក ប៊ួន សេងសុវិទ្យា នាយករងរដ្ឋបាលសាលាខេត្ត និងលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ ដោយធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការ រាតត្បាត នៃជំងឺកូវីដ១៩ នៅក្នុងកាលៈទេសៈពិសេសនាបច្ចុប្បន្ន ដោយការនាំចូលពីប្រភពខាងក្រៅ ដល់ដំណាក់កាលនៃការឆ្លងដល់ប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស។
ប៉ុន្តែទោះបីជាយ៉ាងណា ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖
*ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
*រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
* រថយន្តពន្លត់អគ្គីភ័យ
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
* ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤នាក់ សម្រាប់ករណីនីមួយៗ។
បទបញ្ជានេះមានសុពលភាពអនុវត្តចាប់ពីម៉ោង ២៤៖០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា ខេត្តត្បូងឃ្មុំ មាន ៧ក្រុង-ស្រុក ដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ចាម ព្រៃវែង និងខេត្តក្រចេះ៕