(ភ្នំពេញ)៖ កាដូដ៏ថ្លៃថ្លា សម្រាប់ថ្ងៃជាប្រវត្តិសាស្រ្ត នៃទិវាជ័យជំនះ លើរបបប្រល័យពូជសាសន៍នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពុងឆ្នាំង ចុះទៅពិនិត្យជាក់ស្តែងដល់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ ។
ការចុះនេះ ដើម្បីសួរសុខទុក្ខ និងផ្ដល់អំណោយជូនចាស់ៗឥតទីពឹង កុមារកំព្រា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ ចំនួនជាង៣០គ្រួសារ ដែលមានជីវភាពជួបការលំបាក រស់នៅក្នុងភូមិ ស្រែអ៊ុត ភូមិរលៀបក្តួច ឃុំតាំងក្រសាំង ស្រុកទឹកផុស និងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ព្រមទាំងភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីប្រគល់អំណោយនេះ ធ្វើឡើងបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឃើញព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ពីបញ្ហាជីវភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ហើយសម្ដេច ក៏មានក្តីអាណិតអាសូរយ៉ាងខ្លាំង ព្រោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
សូមបញ្ជាក់ថា អំណោយដែលត្រូវយកទៅចែកជូនរួមមាន ក្នុងមួយគ្រួសារ ទទួលបានអង្ករ៣០គ.ក្រ មី១កេស ត្រីខ២០កំប៉ុង ឃីត១(មុង,ភួយ,សារុង,ក្រមា)និងថវិកា១សែនរៀល។
ក្នុងដំណើរនៃការចុះសួរសុខទុក្ក្ខនេះដែរ លោកស្រី ម៉ែន នារីសោភ័គ បាននាំយកអំណោយ និងថវិកាមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនក្មួយស្រី សេន ជេះ ជាក្មេងកំព្រាក្រីក្រ ខ្វះខាតថវិកាក្នុងការសិក្សា ក្មួយស្រីជាជនជាតិខ្មែរអ៊ីស្លាម ហើយសព្វថ្ងៃរៀននៅថ្នាក់ទី១១ នៃវិទ្យាល័យព្រះបាទសុរាម្រឹត៕