(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចាត់ឲ្យនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន យកអំណោយរបស់ចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន ឈរជើងការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងទិសភូមិភាគទី៤ ដែលមាន៦វរសេនាតូច និង៣អង្គភាព នៅទីបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជូនដល់កងកម្លាំងទាំងអស់នៅជួរមុខ រួមទាំងគ្រួសារ សូមជួបប្រទះពុទ្ធពរទាំង៤ប្រការ និងសូមឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ មន្ត្រីពលីទាំងអស់ សូមទៅកាន់សុគតិភព។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងការកោតសរសើរលើកទឹកចិត្ត វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះស្មារតី និងការតស៊ូ អំណត់ព្យាយាម ប្រឈមគ្រប់ឧបសគ្គ ក្នុងកិច្ចការពារនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពតាមព្រំដែនឲ្យមានភាពល្អប្រសើរ។
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ តាងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមជូនពរដល់កម្លាំងនគរបាលជាតិទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងជោគជ័យគ្រប់ភារកិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩។
អំណោយដែលយកចែកជូនរួមមាន៖ ទីបញ្ជាការនគរបាលជាតិប្រចាំទិស និង៦វរសេនាតូច ដោយអង្គភាពនីមួយៗ ទទួលបានថវិកាចំនួន ៥,០០០,០០០រៀល, អង្គភាពនគរបាលការពារបេតិកភ័ណ្ឌ ចំនួន៣,០០០,០០០រៀល និងនគរបាលទេសចរណ៍ ចំនួន១,០០០,០០០រៀល សរុបថវិការួម៣៩,០០០,០០០រៀល។ ស្រាបៀរ ចំនួន៥០០កេស, ទឹកក្រូច ចំនួន១,០០០កេស, មី ចំនួន៧០កេសធំ, ត្រីខចំនួន ០៧កេសធំ, ថ្នាំពេទ្យ ចំនួន២៥មុខ៕