(ប៉ៃលិន)៖ លោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះស្រុកសាលាក្រៅ រួមដំណើរដោយលោកលោកស្រីតំណាងក្រសួងនានា នាពេលថ្មីៗនេះ បានចុះទៅឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ដើម្បីចែកអំណោយដល់ពលរដ្ឋនូវសាប៊ូ សម្លាប់មេរោគ សាប៊ូស្អាតលាងចានស្លាបព្រា ម៉ាស់ការពារ មី ក្រម៉ា ព្រមទាំងឯកសារផ្សព្វផ្សាយ ពីជំងឺឆ្លងជាង ១២០០សន្លឹក, ប្រដាប់បំពងសម្លេង ១ឈុត និងឧបត្ថម្ភថវិកាជូនរដ្ឋបាលស្រុកដើម្បីផ្តល់ជូនឃុំចុះផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាជនផងដែរ។

ស្ថិតក្នុងជំនួបជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះនេះដែរ លោកប្រធានបានណែនាំបងប្អូនប្រជាពលរដ្ឋបន្ថែមអំពីបញ្ហាជំងឺ កូរ៉ូណា ឬហៅថា កូវីដ១៩ថា សូមកុំមានការព្រួយបារម្ភណ៍ខ្លាំងជ្រុលពេក ព្រោះកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានត្រៀមឧបករណ៍ពេទ្យជាច្រើនទុកប្រើប្រាស់នូវពេលដែលចាំបាច់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ ហើយមួយរយៈពេលចុងក្រោយនេះកម្ពុជា មានអ្នកជាសះស្បើយច្រើនឡើងៗ។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី សូមបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តចូលរួមជាមួយមន្ត្រីមូលដ្ឋាន តាមការណែនាំរបស់ក្រសួងសុខាភិបាលបន្ថែមទៀត ដើម្បីរក្សាការពារខ្លួនយើងនិងសហគមន៍យើងទាំងមូល ឲ្យជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះដែលពិភពលោកកំពុងតែជួបនូវវិបត្តិពេលនេះ។

លោកប្រធានបានអំពាវនាវពលរដ្ឋផងដែរ សូមកុំជឿសារព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ឱ្យស្អប់រដ្ឋាភិបាល ព័ត៌មានបំប៉ោង ព័ត៌មានបំផុសបំផុលខុសរឿង ប៉ុន្តែសូមពលរដ្ឋយើង ជឿតែទៅលើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានធំៗទៅបានហើយ ដែលពួកគេផ្សព្វផ្សាយព័ត៌មានពិតជាក់លាក់ និងច្បាស់លាស់៕