(ភ្នំពេញ)៖ អតីតលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រ សម្ដេចនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ លោក Julio Jeldres បានបដិសេធថា លោកមិនបានចូលរួមជាមួយ គណបក្សសង្រ្គោះជាតិ ដែលធ្វើសកម្មភាពនៅទីក្រុងមែលប៊ិន រដ្ឋវិកតូរៀ ប្រទេសអូស្រ្តាលីនោះទេ។ នេះបើតាមការផ្សាយរបស់ វិទ្យុអូស្រ្តាលី ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥នេះ។
លោក Julio Jeldres ត្រូវបានគេឃើញមានឈ្មោះ និងតួនាទីជាទីប្រឹក្សា ក្រុមគាំទ្រគណបក្សសង្រ្គោះជាតិ នៅក្នុងលិខិតតែងតាំងក្រុមគាំទ្រថ្មី របស់គណបក្សសង្រ្គោះជាតិប្រចាំនៅទីក្រុងមែលប៊ិន ដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី និង លោក កឹម សុខា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។ ក្រុមគាំទ្រថ្មីនេះ ដឹកនាំដោយដឹកនាំដោយលោក យន់ សុជាតិ។
ដោយដកស្រង់សម្តី Julio Jeldres ប្រាប់វិទ្យុអូស្រ្តាលី ចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥នេះ លោកJulio Jeldres បានអះអាងឡើងវិញថា លោកមិនមែនជាទីប្រឹក្សារបស់ក្រុមនយោបាយណាមួយ នៅក្នុងក្រុងមែលប៊ិនទេ។
លោក Julio Jeldres បានបញ្ជាក់ថា លោកធ្លាប់បានការស្នើសុំឲ្យផ្ដល់បាឋកថា ដល់ក្រុមយុវជនមួយក្រុមអំពីគោល នយោបាយការបរទេសរបស់កម្ពុជា និងអំពីប្រវត្ដិរាជវង្សខ្មែរ។ លោកថា ការមានឈ្មោះលោកនៅក្នុងក្រុមគាំទ្រថ្មីនេះជាការយល់ច្រឡំមួយ ហើយថា លោកមិនអាចពាក់ព័ន្ធនៅក្នុងរឿងនយោបាយកម្ពុជាបានទេ ព្រោះតែតួនាទីរបស់លោកនៅក្នុងខុទ្ទកាល័យព្រះមហាក្សត្រ។
សូមជំរាបថា លោក Julio Jeldres ដែលជាពលរដ្ឋអូស្ដ្រាលី បានជួបសម្ដេច សីហនុដំបូងនៅកូរ៉េខាងជើងនៅឆ្នាំ១៩៨១ ហើយបានក្លាយទៅជា លេខាផ្ទាល់របស់ទ្រង់ ហើយក្រោយមកជាប្រធានលេខាធិការដ្ឋានសម្ដេចឪ ខណៈពេលដែលទ្រង់គង់និរទេសខ្លួននៅក្រៅប្រទេស។ លោកបានក្លាយទៅជាអ្នកសរសេរប្រវត្ដិផ្លូវការ របស់សម្ដេចឪនៅឆ្នាំ១៩៩៣៕