(កណ្ដាល)៖ លោក ស្លេះ យ៉េស អ្នកភូមិបារ៉ែនក្រោម ដែលមានផ្ទុកកូវីដ១៩ ត្រូវបានគ្រូពេទ្យព្យាបាលឱ្យជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យទៅគេហដ្ឋានវិញនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងអមដំណើរដោយលោកឧត្តមសេណីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទជាច្រើននាក់ ផ្សេងទៀតជូនដំណើរ និងណែនាំឲ្យថែរក្សាខ្លួនបានល្អ ពេលទៅដល់ផ្ទះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ស្ថិតនៅក្នុងឱកាសនេះ អភិបាលខេត្តបានផ្ដាំផ្ញើរដល់លោក ស្លេះ យ៉េស សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល ហើយពេលទៅផ្ទះ សូមស្នាក់នៅដាច់ដោយឡែកសិន កុំនៅជិតគេជិតឯង រយៈពេល ១៤ថ្ងៃទៀត ដើម្បីបង្រ្គប់កិច្ចឱ្យអស់ចិត្តដ្បិតលោកបានជាសះស្បើយហើយក្ដី ប៉ុន្តែ ត្រូវតែការពារខ្លួន និងគ្រួសារមួយតង់ទៀត ធ្វើយ៉ាងការពារកុំឱ្យមានបញ្ហាផ្សេងៗទៀត។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើរដល់ក្រុមគ្រួសាររបស់លោក ស្លេះ យ៉េស ផងដែរ សូមរក្សាគម្លាត និងការពារខ្លួនទាំងអស់គ្នា ហើយពិសេសផ្ដល់អាហារមានវីតាមីន សារធាតុចិញ្ចឹមដល់គាត់ ឱ្យបានគ្រប់គ្រាន់ និងផ្ដល់សម្ភារការពារខ្លួនដូចជា៖ ម៉ាស់ អាល់កុល ទឹកសម្លាប់មេរោគ ឬសាប៊ូ ដល់គាត់ ដើម្បីឱ្យគាត់រក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន។
ទន្ទឹមនឹងសារនេះផងដែរ លោក ស្លេះ យ៉េ អ្នកភូមិបារ៉ែនក្រោម ឃុំឈើទាល ស្រុកស្អាង ដែលបានជាសះស្បើយហើយនោះ បានលើកម្រាមដៃ១០ ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ ដល់កូនចៅប្រជារាស្ត្រ មិនថាមានទុក្ខលំបាកយ៉ាងណាទេ ក៏ឃើញសម្ដេចទាំងទ្វេតែងតែនៅជាប់ ជួយកូនចៅប្រជារាស្ត្រ ជានិច្ច ហើយក៏សូមអរគុណ ដល់លោក គង់ សោភ័ណ្ឌ, ក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងក្រសួងសុខាភិបាល ដែលព្យាយាមជួយព្យាបាល និងយកចិត្តទុកដាក់ឧបត្ថម្ភ ជួយជ្រោមជ្រែង លើកទឹកចិត្តដល់អ្នកជំងឺ ព្រមទាំងក្រុមគ្រួសារឱ្យផុតពីទុក្ខលំបាក ព្រមទាំងឧបត្ថម្ភថវិការរាប់លានរៀល និងសម្ភារជាច្រើនផ្សេងទៀតផងដែរ។
លោក ស្លេះ យ៉េស ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់សូមកុំរើសអើងគ្នា ប៉ុន្តែ ជំនួសមកវិញការអាណិតអាសូរ ជួយជ្រោមជ្រែងគ្នា តាមដែលអាចធ្វើទៅបាន និងសូមចូលរួមការពារខ្លួនការរីករាលដាលជម្ងឺនេះ កុំឱ្យកលតមានបន្តទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
គួរជម្រាបថា សម្រាប់ខេត្តកណ្ដាល មានករណីឆ្លងវីរុស ២នាក់ និងជនសង្ស័យដាក់ឱ្យនៅដាច់ដោយឡែកចំនួន ៣២នាក់ ខណៈមនុស្សទាំងអស់ ត្រូវបានធ្វើតេស្តជាលើកចុងក្រោយ មានលទ្ធផលអវិជ្ជមានទាំងអស់ ពោលគឺអ្នកទាំងអស់គ្នារាប់ទាំងអ្នកឈឺ អ្នកសង្ស័យ គឺមិនមានផ្ទុកវីរុសកូវីដ១៩ នោះទេ ហើយមនុស្សទាំង ៣៤នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ ក្រោមការជូនដំណើរ និងឧបត្ថម្ភពីអភិបាលខេត្តកណ្ដាលយ៉ាងកក់ក្ដៅថែមទៀតផង៕