(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានថ្លែងសារជូនពរដល់ប្រជាពលរដ្ឋកម្ពុជា សូមឲ្យមានសំណាងល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ នេះបើយោងតាមការផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

លោកស្រី MORGAN ORTAGUS អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសារជូនពរនោះថា «តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរដល់ប្រជាជនកម្ពុជា សូមឲ្យមានសេចក្តីសុខសប្បាយ នៅក្នុងពេលចូលឆ្នាំខ្មែរ ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា»

លោកស្រីបន្តថា «ឆ្នាំនេះ ពេលនេះ បង្ហាញឲ្យឃើញនូវវប្បធម៌ ដ៏សម្បូរបែប របស់ព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនអាមេរិក វាយតម្លៃខ្ពស់ ចំពោះវប្បធម៌របស់អ្នក និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទាំងពីរ។ ទំនាក់ទំនង នេះ ធ្វើឲ្យ យើងមានការតាំងចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ដែលកំពុងមាននៅចំពោះមុខយើង ហើយ យើងពិតជាជឿថា មិត្តភាពរបស់យើងនឹងមានភាពកាន់តែជ្រាលជ្រៅ នៅក្នុងពេលរាប់ឆ្នាំទៅមុខទៀត»

បើតាម Facebook ផ្លូវការរបស់ស្ថានទូត, អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្ថែមថា សូមទទួលយកនូវសព្ទសាធុការពររបស់យើង នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី នេះ។ សូមឲ្យឆ្នាំជូត នេះ នាំមកនូវសំណាងល្អដល់គ្រប់គ្នា៕