Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានម៉ាស ស្រោមដៃ និងឧបករណ៍ស្ទង់កម្ដៅ ពីក្រុមហ៊ុនអចលនទ្រព្យចិន

10-04-2020 16:12

(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានម៉ាស ស្រោមដៃ និងឧបករណ៍ស្ទង់កម្ដៅ ពីក្រុមហ៊ុនអចលនទ្រព្យរបស់ចិន អ&អេហ្វ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19)។ ពិធីនេះ បានធ្វើឡើងនៅថ្ងៃទី០៨ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

លោក Xu Wenshui នាយកក្រុមហ៊ុន អ&អេហ្វ កម្ពុជា បានលើកឡើងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩នេះមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមការងារបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺនេះភ្លាមៗ ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

លោក Xu Wenshui បានគូសបញ្ជាក់ថា ក្រុមហ៊ុន អ&អេហ្វ បានឆ្លើយតបយ៉ាងសកម្ម ទៅនឹងការអំពាវនាវ របស់រាជរដ្ឋាភិបាល ដោយបានពង្រឹងវិធីសាស្រ្តបង្ការជំងឺ នៅក្នុងក្រុមហ៊ុន ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ហើយបានចូលរួមចែករំលែកបន្ទុក របស់សង្គមក្នុងការ បង្ការមេរោគកូវីដផងដែរ។

លោកបានអះអាងថា នៅក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនអាចប្រើប្រាស់ធនធានដែលខ្លួនមាន ចូលរួមចំណែកជាមួយប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ ដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់ប្រជាជាតិខ្មែរ។

ជាមួយគ្នានោះ លោកបានបញ្ជាក់ថា តាមរយៈកម្មវិធីសប្បុរសធម៌នេះ នឹងអាចអំពាវនាវឲ្យក្រុមហ៊ុន និងសហគ្រាសនៅក្នុងប្រទេសកម្ពុជា ចូលរួមចំណែកទ្រទ្រង់ស្ថាប័ន សុខាភិបាលនៅក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនឡើង ដើម្បីជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយជោគជ័យ។

ក្នុងឱកាសនោះ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ហើយក៏បានបង្ហាញអំពីការកោតសរសើរចំពោះទឹកចិត្ត និងទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ផងដែរ៕