(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ តាមចំណុចគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រមួយចំនួន ជាប់នឹងព្រំប្រទល់រវាងខេត្ត និងខេត្ត ក្នុងផែនការ ការពារ និងរឹតបន្តឹងការធ្វើចរាចរណ៍តាមដងផ្លូវ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺ COVID-19។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា គោលដៅដែលបិទការធ្វើដំណើរ រួមមាន៖
*គោលដៅស្រុកបាធាយ នៅឃុំតាំងក្រាំង (ទីបញ្ជាការស្រាល០១កន្លែង), ឃុំសំបូរ ជាប់ព្រំប្រទល់ ស្រុកពញាឮ ខេត្តកណ្ដាល
*គោលដៅស្រុកស្រីសន្ធរ ឃុំមានជ័យ, ឃុំស្វាយពោធិ និងឃុំជីបាល ជាប់ព្រំប្រទល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
*គោលដៅស្រុកកងមាស ឃុំស្ដៅ ជាប់ព្រំប្រទល់ ស្រុកមុខកំពូល ខេត្តកណ្តាល
*រង្វង់មូលនាគព័ន្ធ និងគល់ស្ពានគីហ្សូណា ជាប់ព្រំទល់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយតាមបណ្ដាស្រុកនីមួយៗ ដឹកនាំដោយលោកស្នងការរង០១រូប និងកម្លាំងអធិការដ្ឋាន សហការជាមួយប្រជាការពារ និងកម្លាំងកងរាជអាវុធហត្ថ។
សូមជម្រាបថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយហាមធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ និងធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19៕