(ក្រចេះ)៖ លោកទេសរដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន រួមដំណើតដោយលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត និងក្រុមការងារនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ ប្រគល់នូវអំណោយ និងថវិកាជូនប្រជាពលរដ្ឋក្រីក្រ និងបងប្អូនពលករក្នុងស្រុកព្រែកប្រសព្វ សរុប១០០នាក់។
ក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកទេសរដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជានិច្ចជាកាលសម្ដេច តែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានណែនាំដល់ប្រជាជនទាំងអស់ នៅក្នុងមូលដ្ឋាន ត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬខលទៅលេខទូរស័ព្ទ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។
លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ប្រជាពលរទាំងអស់ ជាពិសេសបងប្អូនពលករ ដែលទើបវិលចូលស្រុកកំណើត សូមមេត្តាអធ្យាស្រ័យ ចំពោះវិធានការរបស់អាជ្ញាធរមូលដ្ឋាន ក្នុងន័យទប់ស្កាត់ និងកាត់បន្ថយការចម្លងនៃមេរោគទៅដល់អ្នកដទៃ និងសហគមន៍ ហើយសូមជួយ បន្តសហការ និងផ្សព្វផ្សាយបន្តទៅដល់បងប្អូន អ្នកទៃ នៅក្នុងសហគមន៍ឱ្យបានដឹងពីការការពារ និងអនាម័យពីមេរោគកូវីដ-១៩នេះ។ ម៉្យាវិញទៀត ចំពោះអាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវបន្តតាមដាន និងផ្សព្វផ្សាយព័ត៌មានអំពីការការពារ និងទប់ស្កាត់ជំងឺកូវី-១៩ ឱ្យដល់មូលដ្ឋានបងប្អូន៕