(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានលើកឡើងថា ការចូលរួមចំណែករបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គឺជាកម្លាំងចលករមួយ ដែលមិនអាចខ្វះបាន ដើម្បីជំរុញឱ្យរដ្ឋបាលខេត្ត និងជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា មានឱកាសបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលការលំបាកជាទូទៅ នៅពេលដែលពួកគាត់ ជួបនូវគ្រោះអាសន្នផ្សេងៗ ជាពិសេសការរីករាលដាលនៃវីរុស COVID-19 នៅកម្ពុជា។

លោក វ៉ី សំណាង បានបន្តថា ទោះបីបច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មិនមានប្រជាជនក្នុងខេត្តណាម្នាក់ មានផ្ទុកជំងឺ COVID-19 ក៏ដោយចុះ ក៏រដ្ឋបាលខេត្តកំពង់ស្ពឺ នៅតែបន្តខិតខំធ្វើការអប់រំ និងជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបំពេញតាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងការអប់រំណែនាំប្រជាពលរដ្ឋ ចេះការពារខ្លួន ដោយលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល និងមុជទឹកសម្អាតខ្លួន ឱ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ហាមការជួបជុំផឹកស៊ីដោយមានមនុស្សចូលរួមច្រើន មិនត្រូវធ្វើដំណើរទៅទីជិតឆ្ងាយក្នុងករណីមិនចាំបាច់ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាង មុខនេះតែម្ដង។

លោកអភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្ត នឹងយកសម្ភារ ថវិកា របស់សប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភទាំងអស់នេះ ទៅចែកជូនឱ្យចំគោលដៅដោយមានតម្លាភាព ដើម្បីឆ្លើយតបទៅនឹងទឹកចិត្តម្ចាស់ទានផងដែរ។

សម្ភារដែលទទួលបានបន្ថែមនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ដោយលោក សយ សម្បត្តិ បានផ្ដល់នូវទឹកអាល់កុលលាងដៃចំនួន ៦០លីត្រ, ជែលលាងដៃ ២០ដប, ម៉ាស់ ១០ប្រអប, មី ១០កេស, ទឹកត្រី ១០យួរ, ត្រីខ ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ក្រុមហ៊ុនហេងសម្បត្តិមានលាភ ជូននូវទឹកប្រាក់ ២,០០០ដុល្លារ, លោក ពេជ្រ ប៊ុនជឿន និងភរិយាចូលរួមឧបត្ថម្ភអង្ករ ៦តោន សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺ COVID-19 ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជាផងដែរ៕