(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចតាមគោលដៅ ទាំងអស់នៅក្នុងខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្តីពី «ការកំណត់លើការធ្វើដំណើរក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» ដែលបានអនុវត្តចាប់ពីម៉ោង២៤៖០០ ថ្ងៃទី៩ ខែមេសា រហូតដល់ម៉ោង ២៤៖០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ការបញ្ជាបែបនេះរបស់លោក ប្រាក់ សុវណ្ណ បានធ្វើឡើងនៅក្នុងឱកាសចុះត្រួតពិនិត្យមើលកម្លាំងតាមគោលដៅនីមួយៗ ដែលអមដំណើរ ដោយលោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកង រាជអាវុធហត្ថខេត្ត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនផងដែរ។

លោក ប្រាក់ សុវណ្ណ បានផ្តាំផ្ញើកងកម្លាំងទាំងអស់ត្រូវយកចិតទុកដាក់ អនុវត្តឱ្យបានតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមបញ្ជាក់ថា ខេត្តព្រះវិហារគោលដៅសំខាន់ៗ ដែលត្រូវបានដាក់ត្រួតពិនិត្យរួមមាន៖

* គោលដៅចំណុចអូរចង្ហារ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង
* គោលដៅជីអោក ក្នុងស្រុករវៀង ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ
* គោលដៅស្រុកគូលែន ជាប់ព្រំប្រទល់ជាមួយស្រុកស្វាយលើ ខេត្តសៀមរាម
* គោលដៅឃុំកន្ទួត ស្រុកជាំក្សាន្ត ជាប់ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ៕