(ភ្នំពេញ)៖ ទីតាំងស្តុកអាល់កុលក្លែងក្លាយមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងចម្រុះចុះបង្ក្រាប ដោយដកហូតអាល់កុល និងទឹកមេតាណុលរាប់ពាន់លីត្រ និងឃាត់ខ្លួនម្ចាស់ទីតាំងជាជនជាតិចិនម្នាក់ ស្ថិតនៅក្នុងផ្ទះលេខ២៨ ផ្លូវលេខ១១ ស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះបានធ្វើឡើងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងចុះរួមក្នុងប្រតិបត្តិការរួមមាន៖ កម្លាំងអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងសមត្ថកិច្ចកាំកុងត្រូលរាជធានីភ្នំពេញ និងកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រួមមាននគរបាល និងកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងអាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍ចោមចៅទី១។
សមត្ថកិច្ចដែលចុះក្នុងប្រតិបត្តិការណ៍ បានឱ្យដឹងថា ការចុះបង្រ្កាបនោះធ្វើឡើងក្រោមការដឹកនាំដោយលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ខណៈនោះកម្លាំងបានឆែកឆេរឃើញអាល់កុលក្លែងក្លាយ និងមេតាណុល២០ធុង ស្មើនឹងចំនួន៤,០០០លីត្រ និង១០កានទៀត ស្មើរនឹងចំនួន៣០០លីត្រ។
បុរសជនជាតិចិន ដែលសមត្ថកិច្ចចម្រុះឃាត់ខ្លួនមានឈ្មោះ LI WA MlN ភេទប្រុស អាយុ៥៣ឆ្នាំ ដែលជាម្ចាស់វត្ថុតាងខាងលើទៅសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។
ប្រភពដដែល បានបន្តថា មួយរយៈពេលកន្លងមកនេះ កម្លាំងសមត្ថកិច្ចខាងលើតែងបានចុះធ្វើការបង្រ្កាប ការនាំចូលអាល់កុលគ្មាន ប្រភពច្បាស់លាស់គ្មានច្បាប់ និងក្លែងក្លាយបានធ្វើឡើង ជាបន្តបន្ទាប់ដោយធ្វើការដកហូតបានរាប់ម៉ឺនលីត្រ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលឈ្មួញ បានលួចលាក់ស្តុកទុក សម្រាប់លក់ឱ្យអ្នកប្រើប្រាស់ការពារវីរុសកូវីដ-១៩។
ប៉ុន្តែ ផ្ទុយទៅវិញ របស់ក្លែងក្លាយទាំងនោះ មិនត្រឹមតែមិន អាចការពារវីរុស ដ៏កាចសាហាវ បានទេតែវារឹតតែបំផ្លាញដល់សុខភាពអ្នកប្រើប្រាស់ទៅវិញទេ ដូច្នេះ ទើបកម្លាំងបានចេញធ្វើការស្រាវជ្រាវ និងបង្រ្កាបជាប់រហូត មិនបណ្ដោយឱ្យជនខិលខូចធ្វើអ្វីៗ តាមអំពើចិត្ត គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ដល់អ្នកដ៏ទៃ នោះឡើយ៕