(ភ្នំពេញ)៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ម្ចាស់យានយន្តរាប់រយនាក់ ដែលមានទីលំនៅសងខាង ផ្លូវជាតិលេខ៤ បានសម្រុកមកបំពេញសំណុំឯកសារ និងមកទទួលពាក្យស្នើសុំ ដើម្បីមានសិទ្ធិប្រើប្រាស់ផ្លូវជាតិលេខ៤ ដោយឥតគិតថ្លៃ។ ចំណែកឯម្ចាស់យានយន្តដែលធ្លាប់ទទួលបានតម្លៃអនុគ្រោះ ១៨០០រៀល នឹងលែងត្រូវបង់ថ្លៃបញ្ជរតទៅទៀតហើយ ចាប់ពីថ្ងៃ០៧ ខែមករា នេះតទៅ។
នេះបើយោងតាមក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន ដែលគ្រប់គ្រង និងថែទាំដងផ្លូវជាតិដែលតភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលជាខេត្តជាប់សមុទ្រ និងមានកំពង់ផែអន្តរជាតិធំជាងគេនៅកម្ពុជា ដែលជាផ្លូវជាតិសំខាន់បម្រើឲ្យសេដ្ឋកិច្ចរបស់ប្រទេស ហើយការចាប់ផ្ដើមអនុវត្តគោលការណ៍មិនយកប្រាក់នេះ គឺធ្វើឡើងចំពោះរថយន្តគ្រួសារ និងរថយន្តមន្ត្រីរាជការ ដែលមានទីលំនៅនៅសងខាងផ្លូវជាតិលេខ៤ ដោយធ្វើដំណើរឆ្លងកាត់ញឹកញាប់ និងជាប្រចាំ។
ក្រុមហ៊ុន អេហ្សិតអ៊ិនវេសមេន បានឲ្យដឹងថា ក្រុមហ៊ុនកំពុងផ្សព្វផ្សាយចែកចាយលិខិតរបស់ ក្រសួងទាក់ទងនឹងការសម្រេចនេះ ជូនដល់ម្ចាស់យានយន្តដែលបានបើកបរឆ្លងកាត់បញ្ជរ ដើម្បីបានទទួលដំណឹងកាន់តែច្បាស់ថែមទៀត ។
លោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិតអ៊ិនវេសមេន បានឲ្យដឹងថា «ដោយអនុលោមទៅតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនបានផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការជាម្ចាស់យានយន្តដែលរស់នៅ តាមដងផ្លូវឲ្យមកបំពេញសំណុំបែបបទ ដើម្បីមានសិទ្ធិប្រើប្រាស់ផ្លូវដោយឥតគិតថ្លៃ ។ ចំណែកឯប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលធ្លាប់បានចុះបញ្ជី និងទទួលបានការអនុគ្រោះក្នុងតម្លៃពិសេស១៨០០រៀល រួចហើយ នឹងលែងតម្រូវឲ្យបង់ថ្លៃឆ្លងកាត់ផ្លូវតទៅទៀតឡើយ»។
លោក ជួន វ៉ាន់ឌន បាន អំពាវនាវដល់ម្ចាស់រថយន្តគ្រួសារ និងមន្ត្រីរាជការ រស់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ដែលបានធ្វើដំណើរឆ្លងកាត់ ញឹកញាប់ និងជាប្រចាំ មកបំពេញបែបបទដាក់ពាក្យសុំនៅតាមបញ្ជរបង់ប្រាក់ដែលនៅជិត ហើយក្រោយពីតាមដានពិនិត្យ នូវលក្ខណៈសម្បត្តិមួយចំនួន ដែលមានការយល់ព្រមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ រួចមក ក្រុមហ៊ុននឹងផ្ដល់ជូន ប័ណ្ណសម្គាល់មិនយកថ្លៃឆ្លងកាត់ (Sticker Free) ។
គួរបញ្ជាក់ថាឆ្នាំ ២០១៥ ក្រុមហ៊ុនអេហ្សិត បានអនុគ្រោះដល់រថយន្តចំនួនជិត ២៤,០០០គ្រឿង ដែលជារថយន្តគ្រួសារ និងមន្ត្រី រាជការដែលឆ្លងកាត់ញឹកញាប់ និងជាប្រចាំ ហើយក្រុមហ៊ុនក៏បានអនុគ្រោះមិនយកប្រាក់ សម្រាប់រថយន្តដឹកកម្មករចំនួនជាង ១០ម៉ឺនគ្រឿង និងរថយន្តផ្សេងៗ ដូចជា រថយន្តសង្គ្រោះបន្ទាន់ ក្បួនគណៈប្រិភូ រថយន្តកាកបាទក្រហម រថយន្តអង្គការសមាគម និងរថយន្តដឹកសម្ភារកងទ័ពជាដើម ចំនួនជាង ៨ម៉ឺនគ្រឿង ដែលគិតជាទឹកប្រាក់ប្រមាណ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ៕