(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញទទួលយកអំណោយសាប៊ូដុំប្រូថិក ចំនួន១លាន៨ដុំ ពីក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ក្រោមប្រធានបទ «១លានប្រូថិក ១លានការពារ» ទុកចែកជូនដល់ប្រជាជនកម្ពុជា ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ។
លោក ជៀម ផែន អគ្គនាយកក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល បានឱ្យដឹងថា ដើម្បីចូលរួមការពារ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការឆ្លង ជំងឺកូវីដ១៩ ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណលបានឧបត្ថម្ភសាប៊ូដុំប្រូថិក ដែលអាចកំចាត់បាក់តេរី បានរហូតដល់ ៩៩.៩% ចំនួន១លាន៨ដុំ ស្មើនឹងទឹកប្រាក់សរុបចំនួន ៥១២,៦៩៩ដុល្លារអាមេរិក តាមរយៈក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ប្រជាជនកម្ពុជា ប្រើប្រាស់ក្នុងការលាងសម្អាតដៃ និងខ្លួនប្រាណ។
លើកឡើងក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ដែលជាកាយវិការត្រូវបានចងចាំទុក នៅក្នុងប្រវត្តិសាស្រ្តសាមគ្គីភាពរបស់ជាតិ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សង្ឃឹមថា ក្រុមហ៊ុននឹងផ្តល់ជំនួយជាបន្តបន្ទាប់ទៀតដើម្បីកម្ពុជាជម្រុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស។
សូមបញ្ជាក់ផងដែរថា ដោយយោងតាមសារអប់រំរបស់ក្រសួងសុខាភិបាល គឺការលាងសំអាតដៃឲ្យបានញឹកញាប់គឺជាសកម្មភាពដ៏សំខាន់បំផុតដើម្បីការពារអ្នក ពីការឆ្លងនៃវីរុស និងបាក់តេរីផ្សេងៗ ដូច្នេះតាមរយៈយុទ្ធនាការបរិច្ចាគ «១លានប្រូថិក ១លានការពារ» ដល់ប្រជាជនកម្ពុជានេះ ក្រុមហ៊ុនសាប៊ូប្រូថិក សង្ឃឹមថា ប្រជាជនកម្ពុជានឹងចូលរួមលាងសំអាតដៃ និងខ្លួនប្រាណទាំងអស់គ្នា ដើម្បីរក្សាអនាម័យសម្រាប់ប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាទាំងមូល៕