(កណ្ដាល)៖ លោក សំ សឿន ម្ចាស់ផ្ទះជួល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១B ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្ដកណ្ដាល បានសម្រេចបញ្ចុះតម្លៃឈ្នូលបន្ទប់ជួល ៥០ភាគរយ ចំនួន១៦០ បន្ទប់ ចំនួន (១) ខែ និងមិនគិតថ្លៃទឹក ថ្លៃភ្លើង នៅក្នុងខែមេសា ឆ្នាំ២០២០។
លោក សំ សឿន បានបញ្ជាក់ថា ការបញ្ចុះថ្លៃឈ្នូលនេះ ដើម្បីជាការចូលរួម ជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។
បើតាមលោក សំ សឿន ការសម្រេចបញ្ចុះតម្លៃឈ្នូល បន្ទប់ជួល ៥០ភាគរយ ចំនួន១៦០ បន្ទប់ ចំនួន (១) ខែ និងមិនគិតថ្លៃទឹក ថ្លៃភ្លើង នៅក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវចំណាយថវិកា សរុបអស់ប្រមាណ១៥,០០០,០០០រៀល។
គូសបញ្ជាក់ថា ក្នុងសន្និសីទព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាស អំពាវនាវ សុំការយោគយល់ពីវិស័យឯកជន បញ្ចុះថ្លៃជួលទីតាំង សម្រាប់ការរកស៊ីនានា ទម្លាក់តម្លៃជួល ឬត្រូវពន្យារពេលបង់ថ្លៃជួល ដោយសារវីរុស COVID-19។
គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកជំងឺចំនួន៧២នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុង សម្រាកព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៤៧នាក់ ក្នុងចំណោមកូវីដ១១៩ករណី៕