(ភ្នំពេញ)៖ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីណែនាំ ដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់អង្គភាព ក្រោមឱវាទក្រសួង ត្រូវមកបំពេញ ការងារដូចថ្ងៃធ្វើធម្មតា ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
ក្នុងសេចក្ដីណែនាំបានបញ្ជាក់ថា «ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់អង្គភាព ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ ត្រូវអនុវត្ដតាមឲ្យបានម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយត្រូវមកបំពេញការងារ ដូចថ្ងៃធ្វើធម្មតានៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០នេះ»។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ទៀតថា «ក្នុងករណីមានបេសកម្មចាំបាច់បំផុត ក្នុងអំឡុងពេលនេះ ត្រូវមានលិខិតបញ្ជាបេសកកម្ម ដោយភ្ជាប់មកជាមួយនូវប័ណ្ណសម្គាល់ខ្លួនមន្ដ្រីរាជការ»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចេញអនុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។
បើតាមអនុក្រឹត្យនេះ, នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ៕