(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការលើកការឈប់សម្រាក ការងាររបស់មន្ត្រីរាការ និយោជិក កម្មករ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់នៃជំងឺកូវីដ-១៩ ដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងថា អនុក្រឹត្យស្តីពីការលើកការឈប់សម្រាកការងារ និងបទបញ្ជារបស់រាជរដ្ឋាភិបាលលើការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដែលបានចេញនាពេលថ្មីៗនេះ ក្នុងគោលបំណងការពារអាយុជីវិត របស់យើងទាំងអស់គ្នា ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុកាលៈទេសៈពិសេសនាបច្ចុប្បន្ន មិនឱ្យជំងឺនេះ រាលដាលឈានចេញពីដំណាក់កាល នៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាល នៃការឆ្លងរាលដាលរវាងប្រជាជន ក្នុងសហគមន៍នៅក្នុងប្រទេស។
នាយឧត្តមសេនីយ៍ សំ វណ្ណថន បានបញ្ជាក់ថា សព្វថ្ងៃនេះ ជំងឺកូវីដ-១៩ បានរាតត្បាតយ៉ាងខ្លាំងនៅលោពិភពលោក មិនថាប្រទេសអ្នកមាន ប្រទេសក្រីក្រ ឬក៏សម្បុសខ្មៅ-សនោះទេ ហើយក៏មិនអាចសណ្ឋានបានថាវាចប់នៅពេលណានោះដែរ។ រហូមកដល់ពេលនេះ ថ្នាំ និងវ៉ាក់សាំងការពារ ក៏មិនទាន់រកឃើញនៅឡើយទេ ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្ន អនុវត្តឱ្យបានម៉ឺងម៉ាត់ និងផ្សព្វផ្សាយបន្ត ព្រមទាំងថែរក្សាសុខភាពឱ្យបានល្អទាំងអស់គ្នា។
យោងតាមអនុក្រឹត្យស្តីពីការលើកការឈប់សម្រាកការងាររបស់មន្ត្រីរាការ និយោជិក កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិកលើការធ្វើដំណើរក្នុងប្រទេស ដែលបានអានដោយលោកឧត្តមសេនីយ៍ទោ គីម និត នាយករង កិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានឲ្យដឹងថា ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ដែលបានចែងក្នុងមាត្រា១ នៃអនុក្រឹត្យលេខ១១២ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្តីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិក កម្មការ ប្រចាំឆ្នាំ២០២០ ត្រូវបានលើកទៅពេលក្រោយ ក្នុងពេលវេលាមួយសមស្រប។ នៅថ្ងៃទី១៣.១៤.១៥ និងទី១៦ ត្រូវបំពេញការងារដូចថ្ងៃធម្មតា។
ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ៖
*ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
*រថយន្ត និងមធ្យាបាយធ្វើដំណើរ របស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្ត ត្រូវបង្ហាញដល់កងកម្លាំមានសមត្ថកិច្ចត្រួតពិនិត្យ នូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
*រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
*រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសេវា ដឹកជញ្ជូនសម្រាម និងកាកសំណល់ ការដឹកជញ្ជូនកម្មករ ទៅកាន់កន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលមានបណ្ណអនុញ្ញាត ចេញដោយក្រសួងការងារ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព។
បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤.០០ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤.០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕