(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៣០៧,៣៨៨,៩៥៨ រៀល (ប្រមាណជាង៧ម៉ឺនដុល្លារ) និង១ ៤៨១ ៦១៩ ដុល្លារអាមេរិក។
ក្នុងចំនួនថវិកាសរុបនេះ មានថវិកាចំនួន ២៨៧,២០៦,១៥៨ រៀល និង ៣៩៥,៦០០ដុល្លារអាមេរិក ទទួលបានពីការបរិច្ចាគ របស់សប្បុរសជនចំនួន១៧,២៨១រូប ដែលរួមមានសមាជិកកិត្តិយសចំនួន១២រូប,សមាជិកគាំទ្រចំនួន១២,៧៦០រូប, សប្បុរសជនផ្សេងៗចំនួន៤,៥០៩ រូប, ១,០៨៦,៣៦៨ដុល្លារអាមេរិកពីកម្រៃសំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ និង ២០,១៨២,៨០០រៀល និង ៦៥១ ដុល្លារអាមេរិកបានមកពីហិបបរិច្ចាគ នៅតាមគោលដៅចំនួន១៧។
មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងទៀតថា ក្នុងត្រីមាសទី១នេះ មូលនិធិបានផ្ទេរថវិកាចំនួន ១,០៨៦,៣៦៨ដុល្លារអាមេរិក ទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តគាំទ្រការពិនិត្យព្យាបាល ដោយឥតគិតថ្លៃដល់កុមារកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាព របស់កុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀលក្នុងមួយខែ/៦០ ០០០រៀលក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕