(ព្រៃវែង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានប្រារព្វខួបអនុស្សាវរីយ៍លើកទី៣៧ នៃទិវាប្រវត្តិសាស្ត្រថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៦) នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ុំ វណ្ណា ប្រធានក្រុមការងារបក្ស ចុះជួយឃុំចុងអំពិល រួមជាមួយសមាជិក សមាជិការបក្សឃុំ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្នុងឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ចូលរួមជាច្រើនរូបទៀត។
លោក អ៊ុំ វណ្ណា ប្រធានក្រុមការងារបក្សចុះជួយឃុំចុងអំពិល បានឲ្យដឹងថា ការប្រារព្ធនូវពិធីរំលឹកខួបលើកទី៣៧ នៃថ្ងៃជ័យជំនះ ៧មករា នេះ ជាការរំលឹកខួបនូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ហើយក៏ជាការរំលឹកដល់ប្រជាពលរដ្ឋទូទៅ ពិសេសស្រទាប់យុវជនឲ្យយល់ច្បាស់ ចងចាំជានិច្ច និងដឹងគុណជានិច្ច នៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃធំៗជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិ តាំងពីដំណាក់កាលសង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះ វិលមកជាលើកទី២។
លោក អ៊ុំ វណ្ណា បានបន្តថា សោកនាដកម្មក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុកឥតជញ្ជាំង ដោយពួកប៉ុលពត បានបង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ និងបិទសិទ្ធិសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្មប្រជាជនឯង យ៉ាងសាហាវព្រៃផ្សៃបំផុត រហូតដល់ថ្ងៃរំដោះ ៧មករា ១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារកម្លាំងមហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ គុណបំណាច់ដ៏ធំធេងនេះ ប្រជាជនកម្ពុជាចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារមានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើងអាចរស់រាន មានជីវិតឡើងវិញ និងមានសេរីភាព រហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារបក្សឃុំចុងអំពិល បានឧបត្ថមដល់ការរៀបចំពិធី នូវថវិកាចំនួន ១លាន៦សែនរៀល, ឧបត្ថមដល់សមាជិក សមាជិការបក្ស ក្នុងម្នាក់៥ពាន់រៀល, ចូលបច្ច័យកសាងវត្ត១លាន់រៀល, ឧបត្ថមដល់សាលារៀនពារោងថវិកា ៦០ម៉ឺនរៀល, ឧបត្ថមដល់នគរបាលប៉ុស្តិ៍ ៣០ម៉ឺនរៀល, ឧបត្ថមដល់មេភូមិ ៧នាក់ ក្នុងម្នាក់ថវិកា ២ម៉ឺនរៀល, មេឃុំ ២០ម៉ឺនរៀល, និងអ្នករៀបចំកម្មវិធី ១០ម៉ឺនរៀល៕