(ភ្នំពេញ)៖ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល បានចុះអនុវត្តនូវសកម្មភាពសង្គមរបស់ខ្លួន ដោយធ្វើការផ្សព្វផ្សាយអប់រំពី វិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ និងបានផ្ដល់នូវទឹកអាល់កុលលាងដៃ ដល់អ្នករត់ស៊ីក្លូ កម្មករសំណង់ ម៉ូតូឌុប អ្នកបើកបរម៉ូតូកង់បី និងបងប្អូនប្រជាពលរដ្ឋដទៃទៀត ចំនួន ២៥០នាក់។
ការចុះផ្សព្វផ្សាយអប់រំពីវិធានការកាត់បន្ថយហានិភ័យនៃជំងឺ កូវីដ-១៩ របស់សិស្សមន្រ្តីជាន់ខ្ពស់ សាលាភូមិន្ទរដ្ឋបាល បានធ្វើឡើងនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅខាងមុខសាលាភូមិន្ទរដ្ឋបាល។
ក្នុងឱកាសផ្សព្វផ្សាយអប់រំនេះ សិស្សមន្រ្តីជាន់ខ្ពស់បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩នេះ ដូចជា៖
ទី១៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ៗអាល់កុលហ្សែល
ទី២៖ ខ្ទប់មាត់ និងច្រមុះនៅពេលក្អកឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ
ទី៣៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្ដៅ ឬផ្ដាសាយ
ទី៤៖ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
ទី៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
និងទី៦៖ ស្វាគមន៍គ្នាដោយការ សំពះ ជំនួសការចាប់ដៃគ្នា។
សិស្សមន្រ្តីជាន់ខ្ពស់ក៏បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋថា ប្រសិនបើមានអាការៈមិនស្រួល ឬមានការសង្ស័យពាក់ព័ន្ធនឹងជំងឺនេះ សូមមេត្តាទូរសព្ទទៅលេខ ១១៥។
ជាមួយគ្នានេះ លោក ទេព កុសល ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង នៃសាលាភូមិន្ទរដ្ឋបាល ដែលបានចុះដឹកនាំអនុវត្តសកម្មភាពសង្គមនេះ បានអំពាវនាវដល់បងប្អូនអ្នករត់ស៊ីក្លូ កម្មករសំណង់ ម៉ូតូឌុប និងប្រជាពលរដ្ឋដទៃផ្សេងទៀត ឱ្យធ្វើការលាងសម្អាតដៃ ជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃឱ្យបានទៀងទាត់ និងពាក់ម៉ាសជាប្រចាំ ដើម្បីថែរក្សាសុខភាពឱ្យបានល្អប្រសើរ ពោលគឺការពារល្អ ជាងព្យាបាល គឺត្រូវតែស្អាត និងមានអនាម័យជានិច្ច។
សូមបញ្ជាក់ថា កម្មវិធីសង្គមរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងគម្រោងចែកទឹកអាល់កុលលាងដៃនេះ បានទទួលនូវថវិកាគាំទ្រពីថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ មន្រ្តី កម្មសិក្សាការី សិស្សមន្រ្តី រួមទាំងអស់អតីតកម្មសិក្សាការី សិស្សមន្រ្តី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ទល់នឹងជំងឺកូវីដ១៩ ដោយចាប់ផ្ដើមអនុវត្តតាំង ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០មក៕