(ត្បូងឃ្មុំ)៖ ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ នេះ នៅសាលាខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីក្តាប់សភាពការណ៍ ក្នុងការពង្រឹង បង្ការ ទប់ស្កាត់ រាល់សកម្មភាព និងបាតុភាព ដែលបង្កនូវអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន និងធានាអោយបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជាពិសេស ការពារការចម្លងបន្តនៃជំងឺ កូវីដ-១៩ ចំពោះប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល។
ថ្លែងនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលខិតខំប្រឹងប្រែងរួមសហការគ្នា ថែរក្សាសុខសុវត្ថិភាព និងបានធ្វើការចុះផ្សព្វផ្សាយ ដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ អំពីបញ្ហាសុខភាព និងទប់ស្កាត់ឲ្យបាន នូវការរីករាលដាលចម្លងបន្តនៃជំងឺ កូវីដ-១៩ ទៅក្នុងសហគមន៍មូលដ្ឋាន របស់ខេត្តត្បូងឃ្មុំ។
លោក អភិបាលខេត្ត បានមានប្រសាសន៍ថា ការបង្កើតក្រុមការងារចល័តពិសេស ត្រួតពិនិត្យលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសចរាចរណ៍ផ្លូវគោក និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ខេត្តត្បូងឃ្មុំ ដោយត្រូវអនុវត្តវិធានការច្បាប់ ទៅលើជនល្មើសចរាចរណ៍ផ្លូវគោក ដោយឈរលើអង្គការតម្លាភាព គណនេយ្យភាព សមភាព និងគ្មានការរើសអើង។
លោល បន្ថែមថា មន្ត្រីជំនាញ ត្រូវត្រួតពិនិត្យ និងតាមដាន បាតុភាពមិនប្រក្រតីនៅតាមមូលដ្ឋាន មិនព្រមចូលរួមអនុវត្តតាមច្បាប់ចរាចរណ៍ ត្រូវធ្វើការអប់រំណែនាំតាមគ្រប់មធ្យោបាយ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។
លោល អភិបាលខេត្ត បានសំណូមពរ អោយអ្នកអនុវត្តច្បាប់ ត្រូវចូលរួមអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងសម្រេចរាល់ភារកិច្ចដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានដាក់ចេញ តាមគោលការណ៍ ផែនការ កាតព្វកិច្ច ភារកិច្ច តាមគោលដៅរៀងៗខ្លួន គឺដាច់ខាត ត្រូវធ្វើឲ្យខានតែបាន ស្របទៅនឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ។
បន្ថែមលើសនេះ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដោយស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់គ្រប់ពេលវេលា ធានាឱ្យបាននូវស្ថេរភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ ដោះស្រាយបញ្ហា បំបែកការប្រមូលផ្ដុំ រាល់បាតុភាព បង្កអសន្តិសុខទូទាំងខេត្តទាំងអស់ ឲ្យមានប្រសិទ្ធភាព ដោយប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប៕