(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសច្រានចោល រាល់សម្តីក្រុមអគតិដែលនិយាយបំពុលបំប៉ោង ជាព័ត៌មានថា ខេត្តមណ្ឌលគិរីមានអ្នកឆ្លងកូវីដ១៩ ជាង១០នាក់ បង្កឱ្យមានភាពភ័យខ្លាចដល់ពលរដ្ឋ។
លោកអភិបាលខេត្តបានប្រាប់ពលរដ្ឋនៅក្នុងខេត្តថា «សូមកុំឲ្យមានការភិតភ័យដោយសារការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប្រជាពលរដ្ឋមានភាពជ្រួលច្របល់ភ័យខ្លាច ហើយករណីនេះលោកកំពុងបញ្ជាឲ្យខាងនគរបាលជំនាញកោះហៅអ្នកសារព័ត៌មាននោះនៅខេត្តមណ្ឌលគិរីធ្វើការសួរនាំ»។
ជាងនេះទៅទៀត លោកអភិបាលខេត្តបានបន្តទៀតថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល មេរោគកូវីដ១៩ ឲ្យបានល្អប្រសើរ ខេត្តមណ្ឌលគិរីបានដាក់កន្លែងត្រួតពិនិត្យចំនួន៥គោលដៅ ២គោលដៅនៅព្រំប្រទាល់ខេត្តក្រចេះ និងខេត្តរតនគិរី និង៣គោលដៅខេត្តគឺជុំវិញក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះមន្ទីរសុខាភិបាលខេត្ត បានចេញសេចក្តីប្រកាសព័ត៌មានមួយ ក្រោយមានពាក្យចចាមអារ៉ាម សង្ស័យថាមានអ្នកផ្ទុកវីរុស COVID-19 មកដល់ និងកំពុងស្នាក់នៅក្នុងខេត្តមណ្ឌលគិរី តាមរយៈការបង្ហោះតាម Facebook ឬតាមរយៈ Telegram ដែលអះអាងថា មានមន្ត្រីថ្នាក់ជាតិម្នាក់បានមកមានទំនាក់ទំនងការងារនៅក្នុងខេត្ត ហើយបានប្រាស្រ័យទាក់ទងជាមួយមន្ត្រីរាជការ និងអ្នកស្និតស្នាលផ្ទាល់មួយចំនួន នៅក្នុងខេត្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាលខេត្តមណ្ដលគិរី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ បានឱ្យដឹងថា ករណីបង្ហោះសារជាសំលេងនេះ បានបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅក្នុងខេត្ត ហើយករណីនេះ មន្ទីរសុខាភិបាលខេត្ត កំពុងធ្វើការស្រាវជ្រាវដល់អ្នកប៉ះពាល់ ឬប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺដែលឱ្យពួកគាត់មកពិនិត្យសុខភាពរកមេរោគ COVID-19 ដើម្បីការការពារ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា មកដល់ពេលនេះមន្ត្រីជំនាញក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត បានពិនិត្យលើអ្នកពាក់ព័ន្ធ ពុំទាន់រកឃើញបុគ្គលណាមួយ សង្ស័យថាឆ្លង ឬមានរោគសញ្ញាដូចក្នុងនិយមន័យជំងឺ COVID-19 នៅឡើយទេ។ ក្នុងពេលនេះដែរមន្ត្រីជំនាញក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី កំពុងខិតខំប្រឹងប្រែងធ្វើការត្រួតពិនិត្យបន្តទៀត ឱ្យអស់ពីលទ្ធភាព និងភាពហ្មត់ចត់បំផុត។
ទន្ទឹមនឹងនេះដែរ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច ក៏ប៉ុន្តែ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវាមានការប្រុងប្រយ័ត្ន ដោយមានការធ្វើអនាម័យជាប្រចាំដូចជា៖ ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬជែលឱ្យបានញឹកញាប់ កាត់បន្ថយការជួបជុំគ្នាផ្សេងៗ។ល៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាលខេត្តមណ្ដលគិរី៖