(ភ្នំពេញ)៖ សប្បុរសជននានា ដឹកនាំដោយ លោក ស្រេង វង្សហៀងទីប្រឹក្សារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់ម៉ាស និងសម្ភារៈការពារនូវមេរោគកូវិដ១៩ជាច្រើន ជូនដល់ក្រសួងមហាផ្ទៃ ដើម្បីចែកជូនកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីស៊ីវិលនៅក្នុងក្រសួង និងតាមបណ្តាខេត្តមួយចំនួន។
ថ្លែងបន្ទាប់ពីធ្វើកិច្ចទទួលនូវម៉ាស់ និងសម្ភារៈបរិក្ខាទាំងនោះ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ម៉ាស់ ដែលសប្បុរសជននានា ដឹកនាំដោយលោក ស្រេង វង្សហៀងនេះ គឺមានចំនួន៣៥.០០០ម៉ាស និងទឹកសម្លាប់មេរោគចំនួន៨០០ដប ដោយសម្ភារៈ ទាំងនេះនឹងចាប់ផ្តើមចែកជូនមន្រ្តីប្រដាប់អាវុធ និងស៊ីវិលក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងបន្តទៀតថា ថ្វីត្បិតែសម្ភារៈទាំងនេះមិនទាន់គ្រប់ តម្រូវការក៏ពិតមែនប៉ុន្តែវាជាទឹកចិត្តដ៏ល្អរបស់សប្បុរសជន ដែលពួកគេបានផ្តល់ឲ្យ ហើយនឹងយកសម្ភារៈទាំងនេះ ទៅចែកជូនកងកម្លាំង និងមន្រ្តីស៊ីវិលដែលបម្រើការនៅក្នុងក្រសួងមហាផ្ទៃ និងនៅតាមខេត្ត បាត់ដំបង និងខេត្តព្រៃវែងដើម្បីប្រើប្រាស់សម្រាប់កិច្ចការពារ និងទប់ស្កាត់ នូវមេរោគកូវិដ១៩ ដែលប្រទេសកម្ពុជាកំពុងបន្តរីករាលដាលនោះ។
លោកស្រេង វង្សហៀង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ម៉ាស់ និងប្រដាប់លាងដៃនេះ ដែលលោកបានរៃអង្គាសពីសប្បុរសធម៌នានានេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងទប់ស្កាត់នូវមេរោគកូវិដ១៩ ដែលប្រទេសកម្ពុជាយើងក៏ដូចជាពិភពលោកកំពុងតែប្រឈមនោះ។
លោកស្រេង វង្សហៀង បានបន្តទៀតថា លោកនឹងខិតខំរៃអង្គាស់ពីសប្បុរសធម៌នានា ទៀតដើម្បីបន្តជួយដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ ហើយការជួយនេះនឹងប្រព្រឹត្ត ទៅនាពេលឆាប់ៗខាងមុខនេះផងដែរ៕