(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល អំពីការដាក់កំហិតការធ្វើដំណើរចេញចូល និងឆ្លងកាត់រាជធានីភ្នំពេញ ការឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរពីខេត្តទៅខេត្តមួយទៀត ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19។

ការអំពាវនាវបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៩ ខែមេសា បានចេញបទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត, ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយ និងពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង២៤៖០០នាទីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

តាមរយៈ Facebook នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល អំពីការដាក់កំហិតការធ្វើដំណើរចេញចូល និងឆ្លងកាត់រាជធានីភ្នំពេញ ការឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរពីខេត្ត ទៅខេត្តមួយទៀត ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19។ ការដាក់កំហិតនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០»

គួរជម្រាបថា បទបញ្ជារបស់រាជរដ្ឋាភិបាល ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរ ផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាការហាមឃាត់នេះត្រូវបានលើកលែងចំពោះ

* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
* រថយន្តពន្លត់អគ្គីភ័យ
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
* ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ៕