(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រួមដំណើរជាមួយមន្ត្រីពាក់ព័ន្ធចុះពិនិត្យកងកម្លាំងប្រចាំគោលដៅសំខាន់ៗ ក្នុងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពី ការកំណត់លើការធ្វើដំណើរក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលបានអនុវត្តចាប់ពីម៉ោង២៤៖០០ ថ្ងៃទី៩ ខែមេសា រហូតដល់ម៉ោង ២៤៖០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
ក្នុងដំណើរត្រួតពិនិត្យកម្លាំងតាមគោលដៅនីមួយៗ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវយកចិតទុកដាក់ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
គួរបញ្ជាក់ថា ការចុះពិនិត្យកម្លាំងចេញតាមគោលដៅនាឱកាសនោះ ត្រូវបានធ្វើឡើងនៅតាមបណ្ដាគោលដៅសំខាន់ៗមួយចំនួន មានដូចជា៖
*គោលដៅផ្លូវព្រែកក្តាម ជាប់ព្រំប្រទល់រវាង ខេត្តកំពង់ចាម-ខេត្តកណ្តាល
*គោលដៅស្ពានទី២៥ ជាប់ព្រំប្រទល់រវាងខេត្តកំពង់ចាម- ខេត្តកណ្តាល
*ស្ពានគីហ្សូណាជាប់ព្រំប្រទល់ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ព្រមទាំងគោលដៅផ្សេងៗមួយចំនួនផងដែរ៕