(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវដល់បុគ្គលិកអប់រំទាំងអស់ និងសិស្សានុសិស្ស សូមអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត នូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល កុំធ្វើដំណើរឆ្លងស្រុក និងខេត្ត ដើម្បីចូលរួមកាត់ផ្តាច់ការឆ្លងកូវីដ១៩។
លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានផ្ញើសារដល់បុគ្គិលអប់រំ និងសិស្សានុសិស្ស ក្នុងអត្ថន័យទាំងស្រុងយ៉ាងដូច្នេះថា «សូមគោរពជូនបុគ្គលិកអប់រំទាំងអស់ជាទីគោរព! ដើម្បីធានាសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជា យើងទាំងមូល សូមបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ជាទីបំផុត នូវសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ជាពិសេសបន្តធ្វើការនៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មិនត្រូវធ្វើដំណើរឆ្លងស្រុក និងឆ្លងខេត្តក្នុងគោលដៅកាត់ផ្តាច់ កុំឲ្យមេរោគកូវីដ១៩ ឆ្លងរាលដាលចូលក្នុងសហគមន៍យើង។
សូមបុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីយកជ័យជម្នះលើមេរោគកូវីដ១៩។ សូមឲ្យទេវតាឆ្នាំថ្មី នាំមកនូវសុខភាពល្អ និងសុវត្ថិភាពផ្លូវការយ និងផ្លូវចិត្តដល់បុគ្គលិកអប់រំ សិស្សានុសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលទាំងអស់។ ប្រសិនបើយើងមិនផ្លាស់ប្តូរទម្លាប់ កូវីដនឹងផ្លាស់ប្តូរយើង»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយ ដោយហាមធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ និងធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ព្រមទាំងពីស្រុកមួយទៅស្រុកមួយផងដែរ។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖
- ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
- រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
- រថយន្តពន្លត់អគ្គីភ័យ
- រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
- ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕