(ភ្នំពេញ)៖ ថ្ងៃនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៤នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧២នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៧នាក់ នៃអ្នកឆ្លងសរុប១១៩នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
អ្នកជាសះស្បើយទាំង៤នាក់រួមមាន៖
* បុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំ នៅភូមិរ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក អនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យខេត្តកណ្តាល។ បុរសនេះដែលបានប៉ះពាល់ផ្ទាល់ ជាមួយបុរសអាយុ៦០ឆ្នាំ ដែលវិលត្រឡប់បីពិធីសាសនា នៅប្រទេសម៉ាឡេស៊ី។
* បុរសជនជាតិខ្មែរអាយុ៤៥ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យខេត្តកំពង់ចាម ។ បុរសនេះ ជាកម្មករសម្អាតិព្រះវិហារឥស្លាម និងជាអ្នកប៉ះពាល់ជាមួយជនជាតិម៉ាឡេស៊ី។
* បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅក្រុងព្រះវិហារ ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យខេត្តព្រះវិហារ ។ បុរសរូបនេះ ជាអ្នកត្រឡប់មកពីពិធីសាសនានៅម៉ាឡេស៊ី។
* បុរសជនជាតិម៉ាឡេស៊ី អាយុ៥៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្រុងកែប ទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។ បុរសនេះ មកធ្វើការងារសាសនានៅកម្ពុជា។
ចំពោះការរកឃើញករណីថ្មីម្នាក់ គឺជាស្ត្រីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅខុនដូមួយកន្លែង ដែលស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ ។ ដោយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕