(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញបទបញ្ជាឲ្យចល័តរថក្រោះ និងរថពាសដែកជាង២០គ្រឿង ចូលបន្ទាយដើមវិញ ក្រោយធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០ ជាមួយកងទ័ពចិនរួចរាល់កាលពីពេលថ្មីៗនេះ។
ការបរិច្ឆេទអនុវត្តន៍ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាមបទបញ្ជាស្តីពីការចល័តរថក្រោះ រថពាសដែក របស់កងពលតូចលេខ៧០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។
យោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា៖
១៖ មេបញ្ជាការកងទ័ពជើងគោក ត្រូវធ្វើការចល័តរថក្រោះប្រភេទ T-55 ចំនួន១០គ្រឿង និងរថពាសដែកប្រភេទ BMP-1 ចំនួន១២គ្រឿង ពីសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត មកទីបញ្ជាការកងពលតូចលេខ៧០ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីវិលចូលក្នុងអង្គភាពដើមវិញ។
២៖ ការធ្វើយុទ្ធដំណើរត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ដើម្បីធានា និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព។
៣៖ ការបរិច្ឆេទអនុវត្តន៍ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះជាកំហិត។
៤៖ នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តន៍បទបញ្ជានេះឲ្យមានប្រសិទ្ធភាពខ្ពស់៕