(កណ្តាល)៖ លោក នូ នីម រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានដឹកនាំប្រតិភូ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយចែកជូនដល់ជាមន្រ្តី បុគ្គលិក បម្រើការនៅមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ចំនួន៦៥នាក់។
ក្នុងពិធីសំណេះសំណាលនោះ លោក នូ នីម បានផ្តាំផ្ញើដល់បងប្អូនមន្រ្តី និងបុគ្គលិក ឱ្យយកចិត្តទុកដាក់ការថែទាំសុខភាព និងវិធីបង្ការការឆ្លងរីករាលដាល ពីជំងឺកូវីដ-១៩ ដោយត្រូវជៀសវាងការប្រមូលផ្តុំ ជាពិសេស ត្រូវយកចិត្តទុកដាក់ អនុវត្តតាមស្មារតីអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្តីពីការលើកពេល នៃការឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ហើយរាជរដ្ឋាភិបាល នឹងផ្តល់ការឈប់សម្រាក នៅពេលវេលាសមស្រប ជូនបងប្អូនវិញ។
ការចុះសំណេះសំណាលនាពេលនេះ បានធ្វើឡើងដោយផ្អែកតាមរបាយកាណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោក និងតបតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាតម្រូវឱ្យមានវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃវីរុសកូវីដ១៩ និងក្នុងការពង្រឹងការអនុវត្តសេចក្តីណែនាំ របស់ក្រសួងសង្គមកិច្ច ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ លោក នូ នីម ក៏បានផ្តល់ជូនដល់មជ្ឈមណ្ឌល អង្ករ ប៊ីចេង កន្ទេល មួយ មុង មី ថ្នាំបាញមូស ទឹកត្រី ទឹកសីអ៉ីវ និងអាកុល ព្រមទាំងថវិការ មន្រ្តី និងបុគ្គលិក ម្នាក់ៗទទួលថវិកា២០.០០០រៀល៕