(បាត់ដំបង)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំភ្នំសំពៅ បានសហការជាមួយសាខាកាកបាទក្រហមខេត្ត ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានក្រុមប្រឹក្សាខេត្តខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងតំណាងលោកបណ្ឌិត ហែម ថេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំភ្នំសំពៅ និងប្រតិភូអមដំណើរ បាននាំអំណោយចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ជនរងគ្រោះខ្យល់កន្រ្តាក់ ជនទីទាល់ក្រខ្វះស្បៀងចំនួន ១៦៣គ្រួសារ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ការចែកអំណោយ បានធ្វើឡើងនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្រ្តីសាខា ក្រុមការងារមួយចំនួនក្រុមប្រឹក្សាឃុំភ្នំសំពៅ និងប្រជាពលរដ្ឋក្រីក្រខ្លាំង ចាស់ជរាខ្វះស្បៀង១៦៣នាក់ចូលរួមផងដែរ។
បន្ទាប់ពីលោកមេឃភ្នំសំពៅ ជាតំណាងឲ្យលោកបណ្ឌិត ហែម ថេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំភ្នំសំពៅ បានធ្វើរបាយការណ៍ស្វាគមន៍ និងបានរៀបរាប់អំពីការផ្តួចផ្តើមចុះជួប ប្រជាពលរដ្ឋកំពុងជួបការលំបាកខ្លាំងនៅក្នុងឃុំនេះ និងសហការជាមួយកាបាទក្រហមខេត្តរួចមក លោកបណ្ឌិត ប៊ុត គឹមស៊ាន បានថ្លែងថា បន្ទាប់ពីមានការឆ្លងរោគដ៏លឿនបំផុត ខណៈពេលពិភពលោកបានផ្ទុះការឆ្លងរោគថ្មីគឺ COVID-19 និងកំពុងរីករាលដាលដោយគំហុក ហើយកម្ពុជាក៏មានឆ្លងរោគនេះដែរ តាមរយៈឆ្លងពីក្រៅមកក្នុងប្រទេស។
ដោយឡែក ខេត្តបាត់ដំបង ក៏មានអ្នកឆ្លងជំងឺ COVID-19 ៨នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយបានជាសះស្បើយ ៤នាក់នៅសល់៤នាក់ទៀត ដែលនឹងត្រូវជាសះស្បើយចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ១៦៣គ្រួសារនាពេលនេះ រួមមាន៖ អំណោយរបស់សាខាកាកបាទក្រហមខេត្តជូនម្នាក់ៗបាន មី២០កញ្ចប់ ត្រីខ៦កំប៉ុង អាវយឺត១ ក្រមា១ ទឹកសុទ្ធ១ ធុងធំ និថវិកាមួយចំនួន និង៣គ្រួសារទៀតរងគ្រោះដោយខ្យល់កន្ត្រាក់កន្លងមក បានទទួលអង្ករ២៥គីឡូក្រាម ឃីដ១និងថវិកាមួយចំនួន។
ចំណែកអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំភ្នំសំពៅ បានជួយជាអង្ករជូនពលរដ្ឋទាំង១៦០គ្រួសារ ម្នាក់ៗបាន២០គីឡូក្រាម សរុប៣,២០០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ។
លោក ប៊ុត គឹមស៊ាន បានបន្តថា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ពាក់ព័ន្ធមួយចំនួនទៀត សាខាបានសហការជាមួយ លោក ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅចុះជួយជាបន្ទាន់ដល់ពលរដ្ឋខ្វះស្បៀងបានទាន់ពេលវេលាផងដែរ។
លោកថ្លែងថា ដោយសារមានថ្នាក់ដឹកនាំកំពូល មានការឈ្លាវៃដ៏ល្អ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ ដឹងសុខទុក្ខ ប្រជាពលរដ្ឋជួបការលំបាក និងបានជួយទាន់ពេលវេលារហូតមកក្នុងនាមថ្នាក់ដឹកនៃមានទឹកចិត្តមនុស្សធម៌នៅកម្ពុជាបច្ចុប្បន្ន និងបាននាំសន្តិភាពដោយលំបាកជូនជាតិ និងប្រជាជនរស់នៅ បានសុខសាន្តតទៅ។
លោកបានបន្ថែមថា អំណោយនេះ គឺចែកក្នុងជំហានទី១ បើមានអ្នកខ្វះខាតទៀតបន្តចែកជំហានទី២ និងទី៣តទៀត៕