(ពោធិ៍សាត់)៖ ក្រោមម្លប់សុខសន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខ្នះខ្នែង រិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាជួយទប់ស្កាត់មិនឱ្យពលរដ្ឋឆ្លងជំងឺកូវីដ១៩ និងមិនឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារជាដាច់ខាត។
ជាមួយគ្នានោះ សម្តេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ និងជំរុញឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បន្តការផ្សព្វផ្សាយ និងចុះធ្វើសកម្មភាពដល់មូលដ្ឋាន ចែកស្បៀង ម៉ាស ឬក្រម៉ា និងទឹកលាងដៃ ព្រមទាំងបានត្រៀមមន្ទីរពេទ្យ ក្រុមពេទ្យ ថ្នាំសង្កូវគ្រប់ទិសទី ដើម្បីឆ្លើយតបទាន់ពេលវេលា នូវករណីណាមួយដែលអាចកើតមានឡើង។
សម្រាប់ខេត្តពោធិ៍សាត់ មិនត្រឹមតែអនុវត្តន៍បានយ៉ាងខ្ជាប់ខ្ជួន នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប៉ុណ្ណោះទេ, ក្នុងអំឡុងពេល ៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជួបដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បាន៤១ករណី នៅវេទិកាក្នុងសាលាខេត្តផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលត្រូវបានលោក ម៉ៅ ធនិន ធ្វើការដោះស្រាយបញ្ចប់ជូននោះ រួមមាន៖ ស្នើសុំថវិកាព្យាបាលជំងឺ ស្នើសុំនេសាទដោយប្រើប្រាស់ម៉ាស៊ីនកម្រិតមធ្យមជាលក្ខណៈគ្រួសារ ស្នើសុំជម្រកស្នាក់នៅ ស្នើសុំស្បៀង ជម្លោះដីធ្លី បញ្ហាបំណុល ជម្លោះក្នុងគ្រួសារ និងអ្នកខ្លះទៀតរងការចាញ់បោកខ្លួនប្រាណជាដើម។
ក្រៅពីបង្កើតយន្តការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជាអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យលេចចេញនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនទៀត។ ក្នុងរយៈពេលជាង៦ឆ្នាំ នៃការដឹកនាំខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ក៏បានរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដោយអ្នកមានត្រូវចែករំលែកឱ្យអ្នកក្រខ្សត់ ហើយអ្នកក្រខ្សត់ ត្រូវខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីឱ្យជីវភាពគាប់ប្រសើរ។
សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់នេះ បានធ្វើឱ្យលោក ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្ត។ ប្រជាពលរដ្ឋខ្លះបានធ្លោយមាត់ថា ពួកគេមានសំណាងដែលមានអភិបាលខេត្តល្អ មិនធ្លាប់មានពីមុនមក ហើយមិនចង់ឱ្យអភិបាលខេត្តរូបនេះ ចាកចេញទៅណានោះឡើយ៕