(កំពង់ចាម)៖ ទន្ទឹមនឹងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្កកំពង់ចាម បានថ្លែងជំរុញឲ្យមន្ត្រីមន្ទីរកសិកម្មខេត្តយកចិត្តទុកដាក់ពិនិត្យមើលលើកិច្ចការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ លោកអភិបាលខេត្តបានលើកឡើងថា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ត្រូវធ្វើការសិក្សានិងការផ្គត់ផ្គង់គ្រាប់ពូជ និងពិនិត្យមើលលេីដីទំនេររបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់លើការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានបញ្ជាក់ដែរថា ទោះបីជាមានបញ្ហាជំងឺកូវីដ១៩កើតឡើងក៏ដោយ ប៉ុន្តែអាជ្ញធរខេត្តបានដំណើរការអភិវឌ្ឍន៍របស់ខេត្តមិនមានរាំងស្ទះទេ ជាក់ស្ដែងការសាងសង់ស្ពានគៀនជ្រៃត្រូវបានសម្រេចមុនផែនការកំណត់តែជាង៤ខែ។ ចំណែកគម្រោងសាងសង់ខឿនច្រាំងទន្លេប្រវែង ១៨៥ម៉ែត្រ ក្នុងក្រុងកំពង់ចាម ត្រូវបានរៀបចំបុកគ្រឹះស្ថាបនាផងដែរ។
លោកអភិបាលខេត្តបានថ្លែងឲ្យដឹងទៀតថា នៅទូទាំងខេត្តកំពង់ចាមមានអ្នកផ្ទុកជំងឺកូវីដ១៩សរុបចំនួន១៦នាក់ សុទ្ធសឹងតែជាភ្ញៀវបរទេស ហើយត្រូវបានព្យាបាលជាសះស្បើយចំនួន៧នាក់ ជាបន្តបន្ទាប់ ក្នុងនោះភ្ញៀវទេសចរនិងបុគ្គលិកលេីនាវា Viking Cruise Journey បន្ទាប់ពីនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ២ដង ហើយត្រូវបានធ្វើតេស្តដោយគ្មានផ្ទុកជំងឺកូវីដ១៩ទេនោះ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីសណ្ឋាគារមេគង្គត្រឡប់ទៅស្រុកកំណើតវិញ។ ដូច្នេះសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តហាក់ដូចជាមានការធូស្បេីយក្នុងអារម្មណ៍ ហើយពួកគាត់បានចេញដើរហាត់ប្រាណ និងប្រកបមុខរបរលក់ដូរឡើងវិញបណ្តើរៗហើយដែរ។
លោកអភិបាលខេត្តបន្តថា ទោះជាយ៉ាងណាយើងមិនត្រូវភ្លេចខ្លួនធ្វេសប្រហែសឡើយ គឺយើងត្រូវបន្តការផ្សព្វផ្សាយសារអប់រំដល់ប្រជាពលរដ្ឋ និងណែនាំដល់ពលករដែលទើបតែត្រឡប់មកពីក្រៅ ប្រទេសឲ្យពួកគាត់អនុវត្តតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីធ្វើការពិនិត្យតាមដានសុខភាព ព្រមទាំងមានការផ្គត់ផ្គង់ជាស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងជីវភាពផងដែរ៕