(ភ្នំពេញ)៖ ក្រុមហ៊ុនឯកជន ដែលកំពុងប្រកបរបររកស៊ី លើមុខជំនួញមួយចំនួន ក្នុងរាជធានីភ្នំពេញ បានប្រកាសគាំទ្រ ចំពោះការសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកពេលឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោកស្រី ឡុង រ៉ានី អគ្គនាយិកាក្រុមហ៊ុន រិទ្ធ រ៉ានី, ហាងរ៉ានីតា, ហាងម៉ាក់សក្តិសក្តិ និងសេវាកម្មដឹកជញ្ជូន ហូរីហ្សូន តំណាងឲ្យបុគ្គលិកសរុបទាំង៥១នាក់ បានលើកឡើងថា ការសម្រេចនេះ គឺដើម្បីបញ្ចៀសនូវហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ សម្រាប់ប្រជាពលរដ្ឋខ្មែរ។
តំណាងក្រុមហ៊ុនរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «នាងខ្ញុំ ឡុង រ៉ានី អគ្គនាយិកា តំណាងឲ្យបុគ្គលិករបស់ក្រុមហ៊ុន រិទ្ធ រ៉ានី, ហាងរ៉ានីតា, ហាងម៉ាក់សក្តិសក្តិ និងសេវាកម្មដឹកជញ្ជូន ហូរីហ្សូន សរុបទាំង៥១នាក់ សូមប្រកាសគោរពគ្រាំទ្រ និងពេញចិត្តអនុវត្តតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការផ្អាកថ្ងៃឈប់សម្រាកក្នុងពិធីចូលឆ្នាំថ្មី ឆ្នាំជូត ឆ្នាំ២០២០ និងបំពេញការងារជាធម្មជាតិ ដោយមិនធ្វើដំណើរ ទៅកំសាន្តនៅតាមបណ្តាខេត្ត និងស្រុកកំណើតនៅក្នុងឆ្នាំនេះ។ យើងខ្ញុំជឿជាក់ បងប្អូនគ្រប់រូប ច្បាស់ណាស់នឹងអាចបំពេញការងារ ជាធម្មតាបានទាំងអស់គ្នា។ យើងរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត COVID-19 ដើម្បីខ្លួនយើង គ្រួសារយើង សង្គមយើង និងប្រទេសជាតិយើង»៕