(ឧត្តរមានជ័យ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបាននាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ពិធីនេះស្ថិតក្រោមវត្តមានលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ។
នៅក្នុងឱកាសនោះ លោក ឃិន ញ៉ាណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ែន កុសល្យ ដែលជានិច្ចជាកាលតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។
ជាមួយគ្នានោះដែរលោក ឃិន ញ៉ាណ បានចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបានធ្វើឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់បងប្អូន ប្រជាពលរដ្ឋយើង។ លោកបន្តថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងគិតគូរជានិច្ច និងបានឧបត្ថម្ភសម្ភារ និងថវិកាដល់បងប្អូនដែលរងគ្រោះដោយមិនប្រកាន់និន្នការនយោបាយ ជាតិសាសន៍ ពណ៍សំបុរនោះទេ»។
ជាក់ស្តែងនៅពេលនេះ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបានយកមកប្រគល់ជូនដល់ដៃបងប្អូនយើងដែលរងគ្រោះ បើទោះបីជាអំណោយនេះតិចតួចក៏ពិតមែន តែបានដោះស្រាយការខ្វះខាតរបស់បងប្អូនមួយគ្រាៗផងដែរ។ លោក ឃិន ញ៉ាណ ក៏បានចែកខិតបណ្ណសារអប់រំរបស់ក្រសួងសុខាភិបាលស្តីពី វិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ដោយត្រូវអនុវត្តតាមការណែនាំជាប្រចាំរបស់ក្រសួងសុខាភិបាល៕