(ត្បូងឃ្មុំ)៖ កាស៊ីណូស្របច្បាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបិទជាបន្តបន្ទាប់ហើយដោយសារ តែមិនសូវមានភ្ញៀវចូលលេង ដោយបច្ចុប្បន្នគេឃើញមាននៅសល់ កាស៊ីណូតែ២ប៉ុណ្ណោះ គឺកាស៊ីណូ៧ជាន់ និង GMG តែក៏មិនសូវមានភ្ញៀវ ចូលលេងប៉ុន្មាននោះដែរ ទាំងភ្ញៀវវៀតណាមទាំងភ្ញៀវខ្មែរ។
បើគេក្រឡេកទៅមើលសង្វៀនជល់មាន់ ដែលបើកលេងម្ដង នៅខាងក្រោយកាស៊ីណូ GMG ម្ដងបើកលេងនៅខាងក្រោយ កាស៊ីណូ ហេងហេង (បិទទ្វារ) គឺបើកលេងប្ដូរវេណគ្នាវិញ មានមនុស្សចូលលេងពេញៗ ដែលអ្នកចូល លេងភ្នាល់ល្បែងជល់មាន់នេះ ភាគច្រើនជាជនខ្មែរស្ទើរតែជាង ៨០ភាគរយ មានទាំងអ្នកញៀនល្បែងជាមន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ច ក្រុមឧកញ៉ា និងឈ្មួញរកស៊ីជួញដូរអ្នកធ្វើចំការធំៗមានលុយរាប់សែន រាប់លានដុល្លារគឺឃើញមុខនៅវង់ជល់មាន់ អមដោយវង់អាប៉ោង ដោយការជល់មាន់ភ្នាល់ដាក់លុយនេះ មួយគូៗ គឺគេភ្នាល់គ្នា រហូតដល់រាប់ពាន់រាប់ ម៉ឺនដុល្លារឯណោះ។ ចំណែកជនជាតិវៀតណាម ដែលយកមាន់មកជល់ភ្នាល់ ដាក់លុយដែលនោះ មានប្រមាណ១០-២០%ប៉ុណ្ណោះ។
គេមិនដឹងថា វង់ជល់មាន់ភ្នាល់ដាក់លុយមួយគូៗ រាប់ពាន់រាប់ម៉ឺនដុល្លារនេះ មានច្បាប់ ដោយឡែកឬក៏គេបើកលេង ជ្រកក្រោមច្បាប់កាសុីណូឬ យ៉ាងណានោះទេ។ ប៉ុន្តែជាក់ស្ដែងទោះជាវង់ជល់មាន់នេះ មានច្បាប់ក៏ដោយតែ បើយោងតាមច្បាប់ល្បែងស៊ីសង គឺរាជរដ្ឋាភិបាលមិនអនុញ្ញាត ឲ្យជនជាតិខ្មែរចូលលេងនោះទេ ហើយសង្វៀនជល់មាន់ នៅមាត់ច្រកទ្វារត្រពាំងផ្លុង នេះបើគេបើកលេងនៅខាងក្រោយទីតាំងកាស៊ីណូ ហេងហេងគឺបច្ចុប្បន្នកាស៊ីណូនេះ បានផ្អាកអាជីវកម្មបាត់ទៅហើយ។ ចំណែកសង្វៀនគេ បើកលេងនៅខាងក្រោយកាស៊ីណូ GMG តាមការពិនិត្យមើលជាក់ស្ដែង គឺមិនស្ថិតនៅក្នុងបរិវេណដីកាស៊ីណូនោះឡើយ គឺស្ថិតនៅលើដីឡូត៏ដាច់ដោយឡែក គ្រាន់តែជាប់របងគ្នាប៉ុណ្ណោះ។
ជាក់ស្ដែងកាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៦កន្លងទៅនេះភ្នាក់ងារ Fresh News បានធ្វើដំណើរទៅកាន់ មាត់ច្រកទ្វារព្រំដែនត្រពាំងផ្លុង ក៏ឆ្លៀតចូលទៅអើតមើលគេជល់មាន់ ភ្នាល់ដាក់លុយ នៅដីឡូត៏ជាប់ខាងក្រោយកាស៊ីណូ GMG គឺឃើញជាង៨០% នៃភ្ញៀវដែលចូលលេងជាជនជាតិខ្មែរ និងមានជនជាតិវៀតណាមតិចតួច។ មិនតែប៉ុណ្ណោះ នៅក្នុងបរិវេណទីតាំងជល់មាន់ ក៏មានវង់អាប៉ោងភ្នាល់ ចាក់ចាញ់ឈ្នះរាប់រយរាប់ពាន់ដុល្លាររួមទាំងបៀរ ហ្គេមបាញ់ត្រីជាច្រើនទូ ហើយបើនិយាយពីមាន់ជល់វិញ មានរាប់រយក្បាល ត្រូវបានគេក្រុងទុកដើម្បីផ្គូផ្គងគ្នា ចូលរិញបញ្ជល់ភ្នាល់។
ដោយឡែកក្នុងមួយថ្ងៃៗ គេចាប់ផ្ដើមជល់ តាំងពីម៉ោងជាង១១ថ្ងៃត្រង់ ទៅរហូតដល់ល្ងាច យ៉ាងហោចណាស់ ក៏មានមាន់ខ្ទង់ជាង៣០ទៅជាង៤០គូ ដែលត្រូវបានគេបញ្ជល់ភ្នាល់ជារៀងរាល់ថ្ងៃ។ ក្នុងនោះការជល់ក្រៅពីម្ចាស់មាន់ទាំងសងខាង ភ្នាល់គ្នាក្នុងតម្លៃចាប់ពី៥០០ដុល្លារ រហូតដល់រាប់ពាន់រាប់ម៉ឺនដុល្លារ ទៅតាមអ្នកមានលុយ ឬអត់លុយនោះ អ្នកដ៏ទៃទៀតក៏មានសិទ្ធិចាក់ភ្នាល់គ្នា បានដែរដោយម្ចាស់តារាងគេមានធ្វើប័ណ្ណពណ៏ខៀវ និងក្រហមសម្រាប់សម្គាល់មាន់បង្គោលក្រហម និងខៀវដោយប័ណ្ណមួយសន្លឹក មានតម្លៃ៥០ម៉ឺនរៀល គេមិនអាចចាក់ភ្នាល់ ក្រោមទឹកប្រាក់៥០ម៉ឺនរៀល បានឡើយហើយបើចង់ចាក់ភ្នាល់១លានរៀល ត្រូវទិញប័ណ្ណ២សន្លឹក ចង់ចាក់ភ្នាល់១០លានរៀល ត្រូវទិញប័ណ្ណ២០សន្លឹក។ ពេលចាក់ឈ្នះមេវង់គេ នឹងដកតុង៥% មានន័យថា ចាក់ត្រូវ៥០ម៉ឺនរៀលគេដកតុង ២ម៉ឺន៥ពាន់រៀល។
ចំណែកអ្នកចូលទៅលេងក្រៅពីជនជាតិវៀតណាម តិចតួចគេសង្កេតឃើញមានជនជាតិខ្មែរ ចម្រុះខ្លះស្ពាយមាន់ទៅតាំងពីភ្នំពេញ ខ្លះមកពីកំពង់ចាម ខ្លះមកពីក្រចេះ ព្រៃវែងជាដើមមានទាំងប្រជាពលរដ្ឋធម្មតា មន្ត្រីរាជការ សមត្ថកិច្ច ជាពិសេសក្រុមអ្នករកស៊ីជំនួញឈើ ថៅកែចំការធំៗនិងឧកញ៉ាជាដើម។
ពាក់ព័ន្ធករណីសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយ នៅមាត់ច្រកត្រពាំងផ្លុងខាងលើនេះ តាមការសាកសួរប្រជាពលរដ្ឋ រស់នៅតំបន់នោះភាគច្រើន ពួកគាត់សំណូមពរសូមអោយប្រមុខរាជរដ្ឋាភិបាលបិទចោល ព្រោះតែភាគច្រើនជាកូនចៅ របស់ពួកគាត់ ទៅលេងចាញ់អស់ទ្រព្យសម្បត្តិបង្ក ជម្លោះក្នុងគ្រួសារកើតចោរកម្មអំពើឆបោក ជាដើម តែបើសង្ឃឹមលើមន្ត្រីអាជ្ញាធរមូលដ្ឋាន គឺមិនអាចទៅរួចឡើយព្រោះជាឆ្នាំងបាយ របស់ពួកគេ។ ជាក់ស្ដែងដូចកាលពីចុងឆ្នាំកន្លងទៅ កើតមានករណីក្រុមចោរចូលប្លន់ យកលុយពីស្ត្រី រកសុីបញ្ចាំនៅក្នុងបរិវេណសង្វៀនជល់មាន់ ខាងលើនេះ យកលុយអស់រាប់មុឺនដុល្លារ ម្ដងរួចមកហើយ៕