(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងអភិបាលថ្មីក្រុងព្រះវិហារដោយលោក ប៉ុក ងួន ជាអភិបាលរងឡើងជំនួសលោក ឯ សារ៉ូ ដែលបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាក្រុងព្រះវិហារបច្ចុប្បន្ន។
ពិធីប្រកាសចូលកាន់តំណែងអភិបាលក្រុងព្រះវិហារថ្មីនេះ ក៏មានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់ អាវុធទាំង៣ លោកអភិបាលស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ ជំរុញឱ្យលោកអភិបាលថ្មីក្រុងព្រះវិហារ ព្រមទាំងក្រុមប្រឹក្សាគណៈអភិបាលក្រុង មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ នៃខេត្តព្រះវិហារ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចជា ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ1៩(COVID.19) ដែលកំពុងរីករាលដាលនៅក្នុងពិភពលោក ពិសេសត្រូវធ្វើការផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋ បានយល់ដឹង ច្បាស់លាស់អំពីវិធីបង្ការ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះវិហារ។ ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឱ្យបានល្អប្រសើរ។
ត្រូវខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងក្រុងព្រះវិហារ ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណះសម្បត្តិទាំង៩ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសឈើខុសច្បាប់ ពិសេសការដឹកជញ្ជូន ការស្តុកទុក ការកែច្នៃ ការប្រើប្រាស់ប្រភេទឈើនេះគ្រប់រូបភាព។
លោក ប្រាក់ សុវណ្ណ ក៏បានណែនាំឱ្យលោកអភិបាលក្រុងព្រះវិហារថ្មី ត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការបែងចែកភារកិច្ចដែលបានកំណត់ ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ និងអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលខេត្តព្រះវិហារ ក៏បានណែនាំបន្ថែមឱ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនក្នុងខេត្ត នៅបន្តធ្វើការងារធម្មតា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩៕