(ភ្នំពេញ)៖ ភាពយន្តដែលនិយាយអំពី ប្រវត្តិសាស្រ្តសង្គ្រាមរបស់ប្រទេសកម្ពុជា ក្នុងរបប លន់ ណល់ ឆ្លងចូលដល់របបខ្មែរក្រហម ក្នុងឆ្នាំ១៩៧០ មានចំណងជើងថា«មុនពេលដួលរលំ» ឬ«Before The Fall » ជាវណ្ណកម្មរបស់ផលិតកម្ម រ៉ក់ បន្ទាប់ពីចំណាយពេលវេលាថត អស់​ជាង២ឆ្នាំ និងទុនសរុបប្រមាណ ជិត១លានដុល្លាររួចមក បានបើកសម្ពោធចាក់បញ្ចាំជាផ្លូវការ គ្រប់រោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី៧ មករា ឆ្នាំ២០១៦នេះតទៅ ។

ពិធីសម្ពោធរឿង «មុនពេលដួលរលំ» បានធ្វើឡើងយ៉ាងអធិកអធ័ម នៅរោងភាពយន្តផ្លាទីនៀម ផ្សារសូរិយា នាល្ងាចថ្ងៃទី៦ ខែមករា ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ​Bruntys ក្រុមហ៊ុន Hot nd cold និងក្រុមហ៊ុនថតរូប AKASA និងក្រោមការចូលរួមរបស់ ប្រធាននាយកដ្ឋានភាពយន្ត លោក ស៊ិន ច័ន្ទសាយ៉ា, អ្នកជំនួញ អ្នកបណ្តាក់ទុនខ្មែរ និងបរទេស​ អ្នកតំណាងក្រុមហ៊ុនធំៗ ព្រមទាំងតារាសម្តែងប្រុសស្រីខ្មែរ និងបរទេសជាច្រើនទៀត។

ភាពយន្តឆ្លុះបញ្ចាំងបែបប្រវត្តិសាស្រ្តសង្គ្រាម ដែលចូលរួមសម្ដែង ដោយតារាបរទេសល្បីៗជាច្រើនដួង មានចំណងជើងថា «មុនពេលដួលរលំ» ឬ «Before The Fall » ត្រូវបានផលិតឡើង មានគុណភាពស្ដង់ដារអន្តរជាតិ ហើយត្រូវជ្រើសរើសឲ្យចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តអន្តរជាតិ លើកទី៦ ក្នុងចំណោមខ្សែភាពយន្តចំនួន១៣០រឿង មកពី៣៤ប្រទេស ជុំវិញពិភពលោក ខណៈរឿង«មុនពេលដួលរលំ» ឬ«Before The Fall » ក៏នឹងត្រូវនាំទៅបញ្ចាំង នៅ​តាមបណ្ដាប្រទេសនានា​​ មួយចំនួនទៀត ។

លោក យឹម សុសត្យា ប្រធានគ្រប់គ្រងផលិតកម្ម រ៉ក់ ​បានថ្លែងឲ្យដឹងថា រឿង «មុនពេលដួលរលំ» ឬ «Before The Fall» បានឆ្លុះបញ្ចាំងពីភាពវឹកវរ ការធ្វើសង្គ្រាម ប្រយុទ្ធស៊ីសាច់ហុត ឈាម រវាងកងទ័ពខ្មែរក្រហម និងកងទ័ព លន់ ណល់ ព្រមទាំងកងទ័ពអាមេរិក ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋ រួមទាំងជនបរទេស ដែលកំពុងរកស៊ី ក្នុងប្រទេសកម្ពុជា ត្រូវរត់គេចខ្លួន បែកបាក់គ្រួសារ និងមនុស្សជាទីស្រឡាញ់។

​លោកបន្តទៀតថា រឿង «មុនពេលដួលរលំ» ឬ(Before The Fall) ជាខ្សែភាពយន្តខ្នាតធំ ចំណាយលុយច្រើនមហាលសាល និងមានគុណភាពកំរិតអន្តរជាតិ។ តួសម្តែងធំៗសុទ្ធសឹង ជាតួមានទេព្យកោសល្យសម្តែងខ្ពស់ និងល្បីល្បាយក្នុងឆាកអន្តរជាតិ ដូចជាលោក Ian Virgo ជាតួសម្តែងក្នុងរឿងហូលីវូដខ្នាតធំ, លោក Nicolas Berthery ជាតារាសម្តែង និងបង្ហាញម៉ូដនៅប្រទេសបារាំង និងជប៉ុន, កញ្ញា Pauline Cammal (ឈ្មោះក្នុងរឿង រីយ៉ា) ជាតារាសម្តែងកូនខ្មែររស់នៅប្រទេសបារាំង ព្រមទាំងមានអ្នកដឹកនាំរឿងលោក Ian White ជាជនជាតិអូស្រ្តាលី ធ្លាប់មានបទបិសោធន៍ ដឹកនាំរឿង និងឈ្នះរង្វាន់យ៉ាងច្រើន បានសហការជាមួយបច្ចេកទេសថត (DOP) លោក Kevin Foong ជនជាតិសាំងហ្គាពួរ ដែលមានបច្ចេកទេសថតខ្ពស់ ហើយ​លោកធ្លាប់បានថតយ៉ាងច្រើន ក្នុងកម្មវិធីបង្ហាញម៉ូដធំៗ និងថតរូបតារាម៉ូដែល ពិភពលោកល្បីៗផងដែរ។

លោក យឹម សុសត្យា បានបញ្ជាក់ជំហរថា បើទោះបីជាភាពយន្តនេះ ប្រើខ្ទង់ចំណាយច្រើន ពុំធ្លាប់មានក៏ពិតមែន ប៉ុន្តែលោកជឿជាក់ថា នឹងទទួលបានការគាំទ្រ និងជោគជ័យខ្ពស់ពីសំណាក់ អ្នកទស្សនា ព្រោះភាពយន្តនេះផលិតឡើង យ៉ាងលំបាកបំផុត ទាំងការហៅតួសម្ដែង សម្ភារសម្ដែង ទីតាំងថត ទម្រាំបានរឿងមួយមានលក្ខណៈស្ដង់ដារ ដើម្បីប្រកួតប្រជែង លើទីផ្សារអន្តរ​ជាតិ និងជាចំណីអារម្មណ៍ថ្មី ប្លែកមួយទៀត សម្រាប់យុវវ័យ ដែលចង់យល់ដឹងពីប្រវត្តិសាស្រ្តកម្ពុជា៕