(ភ្នំពេញ)៖ ក្នុងសមានចិត្តដឹងគុណ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលលោក តាំង ប៉ោលី តំណាងក្រុមហ៊ុនផលិត និងចែកចាយធៀបការម៉ាក LYMEY នៅកម្ពុជា និងក្រុមគ្រួសារ បាននាំយកសម្ភារសម្លាប់មេរោគ សរុបចំនួន៤៥កេស ប្រគល់ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ (COVID-19)។
ពិធីប្រគល់ និងទទួលសម្ភារសម្លាប់មេរោគនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។
សម្ភារសម្លាប់មេរោគទាំងនោះរួមមាន៖
*ទី១៖ Spray បាញ់សម្លាប់មេរោគ (១០០ml) ចំនួន ១៥កេស ស្មើរ ១៥០០ដប
*ទី២៖ ទឹកអាល់កុលលាងដៃ សម្លាប់មេរោគ (420ml) ចំនួន ១៥កេស ស្មើរ៣៦០ដប
*ទី៣៖ ទឹកលាយសម្លាប់មេរោគ (500g) ចំនួន ១៥កេស ស្មើរ ៣៦០ដប។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងឱកាសនោះថា «សម្ភារសម្លាប់មេរោគដែលបានយកមកពេលនេះ គឺពិតជាចំកាលៈទេសៈចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងក្នុងបុព្វហេតុ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា»។
លោក តាំង ប៉ោលី បានឱ្យដឹងដែរថា លោក និងក្រុមគ្រួសារ សូមគោរពគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការ និងវិធានការដ៏មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ដែលបច្ចុប្បន្នយើងមានស្ថានភាព ធូរស្រាលបន្តិច បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ទោះបីជាយ៉ាងណា ក្នុងនាមប្រជាពលរដ្ឋខ្មែរ លោក និងក្រុមគ្រួសារ ប្តេជ្ញានឹងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការអំពាវនាវ វិធានការ និងការណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ការ កុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាតទៅទៀត។
កន្លងមក ក្រៅពីការប្រគល់សម្ភារៈសម្លាប់មេរោគជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក តាំង ប៉ោលី និងក្រុមគ្រួសារ ក៏បានឧបត្ថម្ភសម្ភារសម្លាប់មេរោគទាំងនេះ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្តបាត់ដំបងផងដែរ ដើម្បីទុកសម្រាប់ប្រើ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕