(កណ្តាល)៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានបញ្ជាដល់អាជ្ញាពាក់ព័ន្ធទាំងអស់ ដោះស្រាយបញ្ហាផលប៉ះពាល់មួយ ដែលក្រុមហ៊ុនមួយរបស់អង្គភាពយោធា ចំណុះឱ្យអគ្គបញ្ជាការកងទ័ព ក្រសួងការពារជាតិបំផ្ទុះថ្មភ្នំត្មាតពង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ការបញ្ជារបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនៅគ្រាដែលលោកអភិបាលខេត្តអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដល់ប្រជាពលរដ្ឋរងគ្រោះទាំង ៤៩គ្រួសារ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដែលអមដំណើរដោយលោកស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត, លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងមន្ត្រីជាច្រើនរូបទៀតផងដែរ។
ស្ថិតក្នុងឱកាសនេះ លោកអភិបាលខេត្ត បានថ្លែងថា រដ្ឋបាលខេត្តនឹងជួយរកដំណោះស្រាយសម្របសម្រួលជាមួយខាងភាគីក្រុមហ៊ុន ដើម្បីធ្វើការដោះស្រាយសំណង ដោយការជួសជុលជូន ប្រជាពលរដ្ឋទាំងអស់ឡើងវិញ ដោយពុំឱ្យមានការថ្នាំងថ្នាក់ឡើយ។
ទន្ទឹមនឹងនេះ លោក គង់ សោភ័ណ្ឌ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង ៤៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវថវិកា ចំនួន ១០០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត ហើយផ្ដាំផ្ញើរពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាការរីករាលដាលវីរុសកូវីដ១៩ ដោយរក្សាអនាម័យ ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកអាល់កុល ឬទឹកសម្លាប់មេរោគ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានបន្តថា កម្ពុជាក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានខ្នះខ្នែង រិះរកគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណាជួយទប់ស្កាត់មិនឱ្យពលរដ្ឋឆ្លងវីរុសនេះ ជាដាច់ខាត ហើយបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការផ្សព្វផ្សាយ ចុះសកម្មដល់មូលដ្ឋាន ចែកជូនប្រជាពលរដ្ឋនូវទឹកលាងដៃ ហើយក៏បានត្រៀមមន្ទីរពេទ្យ ក្រុមពេទ្យ ថ្នាំសង្កូវគ្រប់ទីតាំងទាំងអស់ ដើម្បីឆ្លើយតបទាន់ពេលវេលា នូវករណីណាមួយកើតឡើង ខណៈកម្ពុជា បានទប់ស្កាត់បានយ៉ាងល្អបំផុត ហើយករណីជាសះស្បើយក៏មានចំនួនកាន់តែច្រើនឡើងៗ ផងដែរ៕