(ស្វាយរៀង)៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំ (ក.ប.ប) សាខាខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ចុះណែនាំឱ្យអាជីវករលក់ដូរ នៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ កុំឱ្យឆ្លៀតឱកាសលក់ដំឡើងថ្លៃ ឬលក់ផលិតផលក្លែងក្លាយ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងចូលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ទាំងអស់គ្នា។
លោក ផឹង និល ប្រធានសាខា (ក.ប.ប) បានឱ្យដឹងថា ក្រោមកាណែនាំរបស់លោក ផាន់ អូន អគ្គនាយក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម មន្ត្រីរបស់លោកបានចុះពិនិត្យការតាំងលក់អាកុល ជែលលាងដៃ និងម៉ាស់ របស់ក្រុមអាជីវករលក់ដូរ នៅជុំវិញផ្សារស្វាយជ្រំ ហើយបានធ្វើតេស្តរកសាធាតុគីមី និងគុណភាពអាល់កុល ក្នុងនោះមន្ត្រីបានដកហូត បានអាកុល ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មិនមានច្បាប់ អនុញ្ញាតចំនួន១៧ដប និងអាល់កុលក្លែងក្លាយ១២ដប ព្រមទាំងនំចម្រុះ៧គីឡូក្រាម ខូចគុណភាព និងបានធ្វើការណែនាំដល់អាជីវករលក់ដូរ ត្រូវបញ្ឈប់ការតាំងលក់អាកុល ដែលគ្មានប្រភពច្បាស់លាស់បន្តទៀត។
លោក ផឹង នឹល បានឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្មក៏បានព្រមានថា ក្នុងករណីដែលនៅតែពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស និងបុគ្គលដែលធ្វើអាជីវកម្ម និងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅតែឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ក្នុងកំឡុងពេលប្រទេសកម្ពុជា កំពុងជួបប្រទះជំងឺរាតត្បាត ជាសកល កូវីដ-១៩ នេះ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
លោក ផឹង និល បានសំណូមពរដល់អ្នកនាំចូលទំនិញ ត្រូវបង្ហាញឯកសារនាំចូល ចំពោះអាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញ យកមកលក់បន្ត សូមសួររកឯកសារ នៃការទិញលក់ ដូចជាវិក័យបត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ច តាមរកអ្នកផ្គត់ផ្គង់ផលិតផលទាំងនោះ និងស្វែងរកប្រភពនាំចូល ដើម្បីសាខា (ក.ប.ប) ងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណ ក្នុងការអនុវត្តច្បាប់៕