(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោក សន សារ៉ាណា តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំត្រពាំងផ្លុង បានដឹកនាំក្រុមការងារ នាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ចែកជូនបងប្អូនគ្រួសារទីទាល់ក្រ នៅក្នុងឃុំត្រពាំងផ្លុង ដែលមានការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងប្រឈមទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលជាជំងឺរាតត្បាតសកលនាពេលបច្ចុប្បន្ន។
ការចែកអំណោយនេះ ធ្វើឡើងដោយមានយកចិត្តទុកដាក់ពីរដ្ឋមន្រ្តី វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ដើម្បីឆ្លើយតបទៅនឹងស្ថានភាពទីទាល់ក្រលំបាករបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របពេលដែលពិភពលោកកំពុងតែរងការគម្រាមកំហែងយ៉ាងខ្លាំង ដោយជំងឺប្រភេទថ្មី កូវីដ១៩ ទៅលើវិស័យសុខាភិបាល និងសេដ្ឋកិច្ច ពិសេសធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ បានបាត់បង់ជីវិត និងជាច្រើនលានជាក់ទៀត កំពុងប្រឈមនឹងការឆ្លងរីករាលដាលដល់សហគមន៍ ដែលជាការបារម្ភរបស់យើងទាំងអស់គ្នា ក្នុងការត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាលជាសមត្ថកិច្ច។
ចំពោះមុខសភាពការណ៍ ក៏ដូចជាការណែនាំនិងយកចិត្តទុកដាក់ពី សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងជាប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំត្រពាំងផ្លុង លោក សន សារ៉ាណា បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់ ដូចជា អង្ករ មី ទឹកស៊ីអ៊ីវ ក្រមា ត្រីខ សាប៊ូ ម៉ាស់ និងថវិកាចំនួន២ម៉ឺនរៀល ក្នុងមួយគ្រួសារ ចែកជូនផ្ទាល់ដៃតាមខ្នងផ្ទះ ដល់គ្រួសារក្រីក្រប្រមាណ ៩៩២គ្រួសារ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕