(ឧត្តរមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នង នៅក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលរងការខូចខាត ផ្ទះខ្លះដួលរលំ ខ្លះធ្លាក់ពីជើងតាង និងខ្លះទៀតរបើកដំបូល ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។
អាជ្ញាធរខេត្តបានឱ្យដឹងថា ផ្ទះដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់នេះ មាន៣ខ្នងដួលរលំទាំងស្រុង ៤ខ្នងធ្លាក់ពីជើងតាង និង២០ខ្នងរបើកដំបូល។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែក្រើនរំលឹកជានិច្ចឱ្យមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយបែបនេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ រួមនិងមន្ត្រីអាជ្ញាធរខេត្តពាក់ព័ន្ធដទៃទៀត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើដំណើរចុះទៅដល់កន្លែងកើតហេតុចាត់ចែងការងារដោះស្រាយបញ្ហានេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ចែងក្រុមការងារ និងផ្តល់ជាស័ង្កសី ដើម្បីជួយរៀបចំផ្ទះប្រជាពលរដ្ឋរងការខូចខាតនោះឡើងវិញ។ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់ថវិកាមួយចំនួនជូនប្រជាពលរដ្ឋរងគ្រោះខូចខាតផ្ទះសម្បែងនោះផងដែរ។
ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ លោកតា ព្រំ ឈួន រស់នៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចាត់ចែងក្រុមការងារតាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម ចុះមកជួយពួកគាត់ទាន់ពេលវេលាក្នុងពេលជួបការលំបាក៕